រដ្ឋាភិបាល​រកចំណូលបាន​ជិត ៥៣លាន​ដុល្លារ​ពី​ការលក់​ផ្លាកលេខ​សំគាល់​យានយន្តក្នុង​រយៈពេល ៦ឆ្នាំ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គិត​មកដល់​ចុងខែ​កុម្ភៈ ឆ្នាំ២០២១នេះ ការលក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត (ផ្លាកលេខ​កម្ពុជា) បាន​រយៈពេល​ជាង១ឆ្នាំ និង​ការលក់​ផ្លាកលេខ​ពិសេស លក្ខណៈ​គ្រួសារ (ផ្លាកលេខ​រាជធានី​ខេត្ត) បាន​រយៈពេល​ប្រមាណ ៦ឆ្នាំ បាន​រក​ចំណូល​សរុប​ប្រមាណ ៥២,៦០០,០០០ដុល្លារ​សហរដ្ឋអាមេរិក។

លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​មួយ ដឹង​នៅ​ល្ងាច​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ កន្លងមក​ថា​ការលក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ​លក់បាន​ចំនួន​ជាង ៤,៨០០ ផ្លាកលេខ រកចំណូលបាន​ជាង ៣៩ពាន់​លាន​រៀល ដែល​ស្មើនឹង​ជិត ១០លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់​ផ្លាកលេខ​ពិសេស​គ្រួសារ គិត​ចាប់ពី​ចុងឆ្នាំ២០១៦ មកដល់ពេលនេះ បាន​លក់​អស់​ជាង ១៦៥,០០០ផ្លាកលេខ គិត​ជា​ទឹក​ប្រាប់​បាន​ប្រមាណ​ជាង១៧១ពាន់​លាន​រៀល ដែល​ស្មើនឹង ៤២,៧៨០,០០០ដុល្លារ​សហរដ្ឋអាមេរិក ដែល​សរុប ថវិកា​ទាំង​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន និង​ផ្លាកលេខ​គ្រួ​សារបាន​ប្រមាណ ២១០,៥០០,០០០,០០០រៀល ដែល​ស្មើនឹង ៥២,៦០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក។

លោក​ហ៊ាង សុទ្ធា​យុ​ត្តិ បានបញ្ជាក់​ទៀតថា សម្រាប់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន (ផ្លាកលេខ​កម្ពុជា)នេះ បានធ្វើ​ការសិក្សា​អស់​រយៈពេល​ប្រមាណ​ជិត ២ឆ្នាំ ទើបបាន​សម្រេច​សម្ភោ​ធ​បើក​ដំណើរ​ការលក់ ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅ​ផ្សារ​ទំនើប​អ៊ី​អន២ រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា ការគ្រប់គ្រង​ការលក់​លេខ​ផ្ទាល់ខ្លួន​នេះដែរ ក៏មាន​សមាសភាព​ចម្រុះ ដែលជា​គណកម្មការ​អន្តរក្រសួង រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​ដឹកនាំ​ដោយ​លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេច​ចេញ​អនុក្រឹត្យ​ថ្មី​មួយ​ស្តីពី ការចុះបញ្ជី​ផ្តល់ បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ។ នៅក្នុង​អនុក្រឹត្យ​ថ្មី​នេះ ក៏បាន​បញ្ជាក់​ពី​ការអនុញ្ញាត​ឲ្យ​ម្ចាស់​យានជំនិះ អាចធ្វើ​ផ្លាកលេខ​ពិសេស ទៅតាម​ការចង់បានរ​បស់​ខ្លួន​ផងដែរ។ ផ្លាកលេខ​ពិសេស​នេះ​គឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរ ឬ​លេខ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន ហើយក៏​អាច​យក​ផ្លាកលេខ​នេះ ទុក​ប្រើប្រាស់​ពេញ​មួយជីវិត​ផងដែរ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា ផ្លាកលេខ​យានយន្ត​ពិសេស​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​បញ្ជាក់ថា «កម្ពុជា» ពី​ខាងលើ​ហើយ​ផ្នែក​កណ្តាល ជា​លេខ​ចុះបញ្ជី​មាន​លេខ ឬ/និង​អក្សរ​ឡាតាំង មិន​លើសពី៨ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង «CAMBODIA» នៅ​ពីក្រោម​បន្ទាប់​ផ្តេក។

អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ភារកិច្ច​ចុះបញ្ជី និង​ផ្ទេរកម្មសិទ្ធិ​ផ្តល់​ប​ណ្ឌ​សម្គាល់​យានជំនិះ និង​ផ្លាកលេខ​យានជំនិះ​ស្ថិតនៅក្នុង​ចង្កោម​ទី៣ ។

លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ត្រូវ​បង់ក​ម្រៃ​សេវាសាធារណៈ តាម​ការកំណត់​ក្នុង​ប្រកាស​អន្តរក្រសួង របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឬ​តាម​លទ្ធផល​នៃ​ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ។ នីតិវិធី​នៃ​ការប្រមូល​ចំណូល ពី​លេខ​ចុះបញ្ជី​ពិសេស លេខ​ចុះបញ្ជី ពិសេស​ផ្ទាល់ខ្លួន និង​ការគ្រប់គ្រង​ចំណូល ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរ​ក្រ​សួ ងរ​វាង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្តួច​គំនិត​ក្នុង​ការធ្វើ​ផ្លាកលេខ​ពិសេស​នេះ​ឡើង​ក្នុង​គោលបំណង​កៀរគរ​ថវិកា ជូន​ជាតិ​ពី​អ្នកប្រើប្រាស់​យានយន្ត ដែល​ចង់បាន​ផ្លាកលេខ​ពិសេស​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here