សភាពាណិជ្ជកម្មកម្ពុជា ៖ ក្រុមហ៊ុនដែលត្រូវការវត្ថុធាតុដើមពីកម្ពុជាសម្រាប់ផលិតដើម្បីនាំចេញនៅមានកម្រិត

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជាបានអះអាងថា បច្ចុប្បន្នបើទោះជាមានកំណើនក្រុមហ៊ុនវិនិយោគទៅលើវិស័យឧស្សាហកម្មដែលផ្តោតសំខាន់លើការផលិតសម្រាប់ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក៏ដោយ ប៉ុន្តែក្នុងនោះភាគច្រើនជាប្រភេទពាក់កណ្ដាលសម្រេច និងទទួលយកវត្ថុធាតុដើមមកពីក្រៅប្រទេសសម្រាប់ការផលិតតែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងភាពគំរាមកំហែងពីវិបត្តិកូវីដនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់កម្ពុជានៅតែមានកំណើននៃចំនួនក្រុមហ៊ុនវិនិយោគថ្មីៗចូលមកជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២១នេះមានក្រុមហ៊ុនថ្មីៗដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាចំនួន២៧ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបប្រមាណ៧៥០លានដុល្លារ។

លោកឧកញ៉ាបានបន្តថា “យើងសាទរនឹងកំណើនទុនវិនិយោគទាំងអស់នៅកម្ពុជា ជាពិសេសការវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការធ្វើពិពិធកម្មបង្កើនលទ្ធភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារសាកលដែលកំពុងមានតម្រូវការខ្ពស់ ជាពិសេសនៅតាមបណ្តាទីផ្សារសំខាន់ៗនៃប្រទេសមួយចំនួនដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា”។

លោកឧកញ៉ាបញ្ជាក់ថា “អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះគឺ យើងចង់បានក្រុមហ៊ុន ឬរោងចក្រផលិតដែលអាចទិញយកវត្ថុធាតុដើមពីកម្ពុជាសម្រាប់ការផលិតជាផលិតផលពាក់កណ្តាលសម្រេច ឬជាផលិតផលសម្រេចតែម្ដងសម្រាប់ការនាំចេញ ខណៈដែលផ្នែកមួយនេះនៅមានកម្រិតនៅឡើយសម្រាប់កម្ពុជា។ យើងឃើញមានរោងចក្រការដេរសម្លៀកបំពាក់សម្រាប់នាំចេញគឺជាប្រភេទផលិតផលសម្រេច ប៉ុន្តែវត្ថុធាតុដើមគឺត្រូវបាននាំចូលមកពីក្រៅប្រទេស។ ប្រសិនបើមានរោងចក្រផលិតផលិតផលសម្រេចសម្រាប់ការនាំចេញ ហើយមានតម្រូវការវត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើនគឺកាន់តែល្អ ដែលវាអាចជួយយបង្កើនតម្លៃក្នុងស្រុកបានបន្ថែមទៀត”។

ជាមួយនឹងការលើកឡើងពីគោលបំណងចង់បានក្រុមហ៊ុន ឬរោងចក្រដែលអាចទទួលយកវត្ថុធាតុដើមរបស់កម្ពុជាសម្រាប់ការផលិត និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិខាងលើនេះ លោកឧកញ៉ាលឹម ហេង បានលើកជាឧទាហរណ៍ថាដូចជាគម្រោងរោងចក្រថ្មីមួយដែលនឹងដំណើរការនៅក្នុងខេត្តស្វាយរៀងក្នុងសង្វាក់ផលិតកម្មផលិតសម្បកកងសម្រាប់នាំចេញ ប្រសិនបើរោងចក្រមួយនេះអាចទទួលយកកៅស៊ូដែលជាវត្ថុធាតុដើមពីកម្ពុជាសម្រាប់ផលិត វាគឺជារឿងល្អ ព្រោះកៅស៊ូកម្ពុជាកាលពីពេលកន្លងទៅបានត្រឹមនាំចេញពាក់កណ្តាលសម្រេចតែប៉ុណ្ណោះ។

លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា “យើងចង់បានក្រុមហ៊ុនដូចនេះឱ្យបានកាន់តែច្រើនកាន់តែល្អ ព្រោះបច្ចុប្បន្នក្រុមហ៊ុនដែលទទួលយកវត្ថុធាតុដើមពីកម្ពុជាសម្រាប់ការផលិតជាផលិតផលសម្រេចដើម្បីនាំចេញមានប្រមាណត្រឹមតែ២០ភាគរយតែប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here