តម្លៃ​ដី​នៅ​តំបន់សំខាន់ៗចំនួន​បី​ជុំវិញ​ភ្នំពេញ​មាន​សភាព​ខុសគ្នា​បែបណា?

ដោយៈ​ វណ្ណា​រ៉ា

ភ្នំពេញៈ ទីផ្សារ​ដីធ្លី​នៅពេល​បច្ចុប្បន្ននេះ បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ជា​សាកល​ក៏ដោយ ប៉ុន្តែ​សម្រាប់​សកម្មភាព​នៃ​ការទិញ លក់​គឺ​នៅតែ​បន្ត​មាន ហើយ​ចំពោះ​តម្លៃ​ក៏​មិនមាន​ការធ្លាក់ចុះ​នោះដែរ ជាពិសេស​ដី​នៅតាម​តំបន់​ជុំវិញ​ក្រុង​មួយចំនួន​ដែល​នៅតែ​រក្សាបាន​តម្លៃ​ខ្ពស់ គិត​ជា​មធ្យម​ជាង១៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា តម្លៃ​ដី​នៅតាម​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ គឺមាន​កម្រិត​ខុសគ្នា ដែល​វា​អាស្រ័យ​ទៅតាម​តំបន់ ដែលមាន​ការអភិវឌ្ឍ កំណើន​ប្រជាសាស្ត្រ និង​ជា​តំបន់​ពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែង ដូចជា​នៅ​ប៉ែក​ខាងកើត​ក្នុង​តំបន់​ជ្រោយចង្វារ ប៉ែក​ខាងជើង​ក្នុង​តំបន់​សែន​សុខ និង​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​ក្បែរផ្លូវ៦០ម៉ែត្រ។

តំបន់​ជ្រោយចង្វារ

នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​បែងចែក​ជា​តំបន់​រស់នៅ និង​ជា​តំបន់​ពាណិជ្ជកម្ម ប៉ុន្តែ​តម្លៃ​ដី​មាន​ភាគ​ប្រហាក់ប្រហែលគ្នា។បច្ចុប្បន្ន​នៅ​តំបន់​ក្បែរ​ស្ពាន គឺមាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​អគារ​ស្នាក់នៅ​ដូចជា​ខុន​ដូ​ជាច្រើន ដែល​ជម្រុញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ មាន​ទីផ្សារ​ស្រដៀង​នឹង​តំបន់​ក្នុង​ក្រុង​មួយចំនួន​ដែរ ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ​គិត​ជា​មធ្យម ស្ថិតនៅក្នុង​ចន្លោះ១៥០០-១៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តំបន់​សែន​សុខ

ដោយសារ​តែមាន​កំណើន​នៃ​ប្រជាសាស្ត្រ ចូលទៅ​រស់នៅក្នុង​តំបន់​នេះ​ច្រើន រួម​ជាមួយនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វែង​ស្វា​ត់​ច្រើន ជាពិសេស​វត្តមាន​នៃ​មណ្ឌល​ពាណិជ្ជកម្ម​បែប​ទំនើប ដូចជា ផ្សារ​ទំនើប AEON2 ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ Makro ផ្សារ Global House មជ្ឈមណ្ឌល​សន្និបាត​វិមាន​សែន​សុខ ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​វត្ត​មាននៃ​អគារ​ខុន​ដូ​មួយចំនួនទៀត បានប្រែក្លាយ​តំបន់​សែន​សុខ ឱ្យទៅជា​តំបន់​ដែលមាន​ប្រជាប្រិយភាព និង​ជំរុញ​តម្លៃ​ដី​ឡើង​ខ្ពស់ ប្រើ​ប្រៀប​ទៅនឹង​តំបន់​មួយចំនួនទៀត​ដែល​គិត​ជា​មធ្យម​ក្នុង​ចន្លោះ ១៣០០-១៥០០ដុល្លារ។

តំបន់​ផ្លូវ ៦០ម៉ែត្រ

លោកស្រី​បាន​បញ្ជាក់ថា ដោយសារ​ផ្លូវ​នេះ​មាន៩គីឡូម៉ែត្រ ដូច្នេះ​ត្រូវបាន​បែង​ចែកជា៣តំបន់។ បើ​គិត​កំណាត់​ទី១ ចាប់ពី​ផ្លូវ​ព្រះមុនីវង្ស​ចំនួន៣គីឡូម៉ែត្រ ស្របតាម​បណ្តោយ​ផ្លូវ​នេះ​ទៅខាង​មុខ ដី​នៅ​តំបន់​នេះ​គិត​ជា​មធ្យម​មានតម្លៃ១៨០០ដុល្លារ និង​ចន្លោះ​ពី៣គីឡូម៉ែត្រ​ទៅ៦គីឡូម៉ែត្រ ដី​មានតម្លៃ៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ចាប់ពី​គីឡូម៉ែត្រ​ទី៦ ដល់​គីឡូម៉ែត្រ​ទី៩ ទល់នឹង​ផ្លូវជាតិ​លេខ២មានតម្លៃ ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ក្រៅពី​តំបន់​ទាំង៣ខាងលើនេះ យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE កាលពី​ចុង​ត្រីមាស​ទី២ ឆ្នាំ២០២០បាន​បង្ហាញថា ដី​នៅក្នុង​ខណ្ឌសំខាន់ៗ នៅ​កណ្តាល​ក្រុងភ្នំពេញ​រួមមាន​ខណ្ឌដូនពេញ ចំការមន និង​ខណ្ឌ​បឹង​កេងកង មានតម្លៃ​ជា​មធ្យម៥,៥០០ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ចំណែក​ដី​ក្នុង​ខណ្ឌ ៧មករា​មានតម្លៃ៥០០០ដុល្លារ។

តម្លៃ​ទាំងអស់នេះ គឺ​រក្សា​នៅ​ដដែល​បើ​ធៀប​ទៅនឹង​ដើមឆ្នាំ២០២០ ខណៈដី​នៅ​ខណ្ឌទួលគោក​បាន​កើនឡើង​ប្រមាណ ២ភាគរយ ដោយមាន​តម្លៃ​ជា​មធ្យម៣៥៥០ដុល្លារ។ ចំណែក​ដី​ក្នុង​ខណ្ឌ​មួយចំនួនទៀត ដូចជា ខណ្ឌឫស្សីកែវ​រក្សា​តម្លៃ​ដដែល១ ២៥០ ដុល្លារ និង​ខណ្ឌ​ជ្រោយចង្វារ​តម្លៃ ១១៥០ដុល្លារ។

ដោយឡែក​ខណ្ឌផ្សេងៗទៀត​ដូចជា ខណ្ឌដង្កោ មានជ័យ ច្បារអំពៅ ពោធិ៍​សែន​ជ័យ ព្រែក​ព្នៅ និង​ខណ្ឌ​កំបូល​មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី ១៥០ដុល្លារ ទៅដល់ ៥០០ដុល្លារ​ក្នុង១ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here