ជប៉ុននឹងផ្អាកផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសមីយ៉ាន់ម៉ាដោយសាររដ្ឋប្រហារយោធា

ដោយៈ សុខុម

កូត្យូ: កាសែត Asahi Shimbun បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ កុម្ភៈ នេះថា ពេលនេះប្រទេសជប៉ុន កំពុងព្រាងបញ្ចប់ផែនការផ្អាកផ្ដល់ជំនួយអភិឌ្ឍន៍ថ្មីដល់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសជាសមាជិកអាស៊ានមួយនេះ ទទួលរងទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច និងការគំរាមចាត់វិធានការបន្ថែមទៀតជុំវិញរដ្ឋប្រហារយោធា។

ដោយដកស្រង់ប្រភពជាច្រើនក្នុងជួររដ្ឋាភិបាល កាសែតនេះបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងជៀសវាងមិនហៅការផ្អាកផ្ដល់ “ជំនួយអភិវឌ្ឍន៍ផ្លូវការ” (ODA) នេះថាជា “ទណ្ឌកម្ម” នោះឡើយ ហើយផ្ទុយមកវិញនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា រកដំណោះស្រាយស្របតាមលទ្ធិប្រជាធិបតេយ្យតាមរយៈការចរចា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេលសុំការបញ្ជាក់អំពីព័ត៌មានចុះផ្សាយនេះ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានលើកឡើងថា “ព័ត៌មានចុះផ្សាយនេះគ្មានការពិតឡើយ” ប៉ុន្តែបានបង្ហើបថាអាចនឹងមានការផ្លាស់ប្ដូរគោលនយោបាយ។

ក្នុងសន្និសីទកាសែត លោកបានគូសបញ្ជាក់ថា “ទាក់ទិនជំនួយផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសមីយ៉ាន់ម៉ា យើងនឹងឃ្លាំមើលស្ថានភាពដោយប្រុងប្រយ័ត្ន ដោយមិនធ្វើបុរេនិច្ឆ័យឡើយ ហើយនឹងធ្វើការពិចារណា [ជម្រើស]”។

ដោយដកស្រង់ពីប្រភពនានាក្នុងជួររដ្ឋាភបាល សារព័ត៌មាន Kyodo News ក៏បានចុះផ្សាយដែរថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាផ្អាកផ្ដល់ជំនួយថ្មីដល់ប្រទេសមីយ៉ាន់ម៉ា។

ប្រទេសជប៉ុន ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសមីយ៉ាន់ម៉ា ជាយូរមកហើយនោះ តែងតែជៀសវាងការប្រកាន់ជំហរតឹងតែងដាក់រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា សូម្បីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ បានបង្កឱ្យមានការដាក់ទណ្ឌកម្ម និងការថ្កោលទោសពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ
ទៀតយ៉ាងណាក្ដី។

រដ្ឋាភិបាលក្រុងតូក្យូ គឺជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយក្រុមហ៊ុនធំៗបំផុតរបស់ប្រទេសជប៉ុន បានសម្រុកពង្រីកអាជីវកម្មយ៉ាងគំហុកនៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាត់ទុកប្រទេសនេះជាទីផ្សារកំពុងស្ទុះងើបខ្លាំង (Frontier market) ដ៏ធំចុងក្រោយរបស់អាស៊ីអាគ្នេយ៍។ មូលហេតុចម្បងមួយនៅពីក្រោយនេះ គឺប្រទេសជប៉ុន ខ្លាចរុញច្រានឱ្យប្រទេសមីយ៉ាន់ម៉ា កាន់តែងាកទៅជិតស្និទ្ធជាមួយមហាយក្សចិន ប្រសិនខ្លួនហ៊ានបន្ធូរដៃនៅក្នុងការរឹតទំនាក់ទំនងល្អ។

នៅក្នុងលិខិតរួមផ្ញើជូនទៅរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ កុម្ភៈ ក្រុមអង្គការសិទ្ធិមនុស្ស រួមមានទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការ Justice for Myanmar ផង បានអំពាវនាវជាថ្មីសុំឱ្យជប៉ុន ជួយដាក់សម្ពាធលើក្រុមមេដឹកនាំយោធា ដើម្បីឱ្យពួកគេជ្រើសតាំងរដ្ឋាភិបាលថ្មី តាមរយៈការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here