ចំណូលពន្ធដារចាប់ផ្ដើមថយចុះនៅត្រីមាសទី២

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ដោយសារតែរដ្ឋាភិបាលប្រកាសលើកលែងពន្ធដល់អាជីវកម្ម និងប្រភេទពន្ធមួយចំនួនទៀត ក្នុងពេលដែលកម្ពុជារងឥទ្ធិពលពីវិបត្តិជំងឺកូវីដ១៩ ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមថយចុះតាំងពីត្រីមាសទី២នៃ២០២០មកម្ល៉េះ ពោលគឺចាប់ពីក្រោយខែមីនា នេះបើតាមលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បន្តថា បើតាមតួលេខដែលអគ្គនាយកដ្ឋានពន្ធដារបានបូកសរុបចំណូលពន្ធក្នុង១ឆមាសនៃឆ្នាំ ២០២០នេះឃើញថានៅមានកំណើនបើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែឆ្នាំសារពើពន្ធនៃការដាក់លិខិតប្រកាសបង់ពន្ធ លើប្រាក់ចំណេញប្រចាំឆ្នាំ ២០១៩ ដែលជាឆ្នាំល្អនៅមានកំសួលរហូតមកដល់ឆ្នាំ២០២០ ព្រោះការប្រកាសបង់ពន្ធលើប្រាក់ចំនេញនៅឆ្នាំ ២០១៩ ត្រូវយកមកប្រកាសបង់ពន្ធនៅឆ្នាំ២០២០ ទើបធ្វើអោយចំណូលពន្ធនៅមានកំណើនជាពិសេសចាប់តាំងពីខែមករាដល់ខែមីនា២០២០។

ប៉ុន្តែចាប់តាំងពីក្រោយខែមីនា២០២០មក ចំណូលពន្ធចាប់ផ្ដើមថយចុះ ហើយឥទ្ធិពលនៃជំងឺកូវីដ១៩ មកលើការប្រមូលពន្ធក៏ចាប់ផ្ដើមបន្តិចម្ដងៗផងដែរ និងបានធ្វើអោយប៉ះពាល់ទៅដល់សេដ្ឋកិច្ចកាន់តែខ្លាំង។ លោកថា៖« ជាការកត់សម្គាល់វិស័យទេសចរណ៍នៅខេត្តសៀមរាបបានធ្លាក់ចុះស្ទើរតែដល់កម្រិតសូន្យ ហើយសណ្ឋាគារបានបិទ ចំណូលពីវិស័យនេះក៏បាននធ្លាក់ចុះ»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ចំណូលពន្ធដារក្នុងរយៈពេល៦ខែក្នុងឆ្នាំ ២០២០នេះ ឃើញថាអាចទប់ទល់នឹងបញ្ហាបាន ហើយរំពឹងថាចាប់ពីខែកក្កដា តទៅចំណូលអាចនឹងថមថយខ្លះដែរ ដោយសារតែ ការលើកទឹកចិត្តឬក៏ប៉ះពាល់សេដ្ឋកិច្ចដែលគ្មានដំណើរការលើវិស័យមួយចំនួន ដូចជាភោជនីយដ្ឋាននិងអាជីវកម្មជាច្រើនទៀត ប៉ុន្តែយ៉ាងណាក៏ដោយចំណូល៦ខែនៅមានភាពវិជ្ជមាន។ លោកថា៖« ចំណូលយើងអាចនឹងពិបាកកើនឡើងដោយសារតែទីផ្សារធំៗរបស់កម្ពុជា ដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម នៅតែមានការកើនឡើងនូវករណីជំងឺកូវីដ១៩ជាបន្តបន្ទាប់ ហើយភាពមិនប្រាកដប្រជានៅមាននៅឡើយ»។

លោកបន្ថែមថា យ៉ាងណាមិញអគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំរួចហើយផងដែរ នូវប្រព័ន្ធ IT សម្រួលដល់អ្នកជាប់ពន្ធ ហើយកាលពីកាលខែមីនា អគ្គនាយកដ្ឋានបានប្រកាសអោយប្រើនូវការដាក់លិខិតប្រកាសហើយអ្នកជាប់គ្រាន់តែអាប់ឡូតហ្វាល់មក ខាងពន្ធដារទទួលបានហើយ ដោយមិនចាំបាច់មកកាន់អគ្គនាយកដ្ឋានទេ ដូច្នេះអ្នកជាប់ពន្ធអាចទៅបង់ប្រាក់នៅធនាគារជាការស្រេច ។ដោយឡែកកាលពីខែមិថុនា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានអោយប្រើប្រាស់នូវប្រព័ន្ធដាក់លិខិតប្រកាសតាមអនឡាញមួយទៀតផងដែរ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានអោយដឹងថា រយៈពេល៦ខែអគ្គនាយកដ្ឋានប្រមូលចំណូលពន្ធបានប្រមាណ១.៦៨៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៥៩,០៩នភាគរយនៃផែនការប្រចាំឆ្នាំ ២០២០នេះ កើនឡើងប្រមាណ ១២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here