ដោយៈ ប៊ី
ភ្នំពេញ៖ អ្នកការទូតជាន់ខ្ពស់ចិនលោកវ៉ាង យី (Wang Yi) បានអំពាវនាវឱ្យរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកចូ បៃដិន (Joe Biden) ធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីបើកកិច្ចពិភាក្សាឡើងវិញរវាងប្រទេសទាំងពីរ និងស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគី ដែលរងការខូចខាតក្រោមអធិបតីភាពរបស់លោកដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
លោកវ៉ាង យីបានថ្លែងនៅក្នុងវេទិកាមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ (២២ កុម្ភៈ) ថា សកម្មភាពរបស់រដ្ឋបាល Trump ក្នុងការគាបសង្កត់ និងទប់ទល់នឹងប្រទេសចិន ដែលរងនូវផលប៉ះពាល់ មិនអាចវាស់វែងបាន ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនដកពន្ធលើទំនិញចិន និងបោះបង់ចោលនូវការគាបសង្កត់លើវិស័យបច្ចេកវិទ្យាចិន ដោយមិនសមហេតុផល។
លោកវ៉ាង យីសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសក៏ បានទទូចដល់ទីក្រុងវ៉ាស៊ីនតោនឱ្យគោរពផលប្រយោជន៍ស្នូលរបស់ចិន បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ “មានទំនាក់ទំនងជាមួយកម្លាំងបំបែកខ្លួន ដើម្បីឯករាជ្យតៃវ៉ាន់” ។
លោកវ៉ាងបាននិយាយនៅក្នុងសុន្ទរកថាដែលត្រូវបានបកប្រែជាភាសាអង់គ្លេសថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានកាត់ផ្តាច់ការសន្ទនាទ្វេភាគីនៅគ្រប់កម្រិតជាមួយចិន”។
លោកបានថ្លែងទៀតថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតទំនាក់ទំនង ដោយត្រង់ជាមួយភាគីអាមេរិក ហើយចូលរួមក្នុងការសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហា”។
លោកវ៉ាងបានចង្អុលបង្ហាញការទំនាក់ទំនងថ្មីៗនេះ រវាងប្រធានាធិបតីចិនលោកស៊ី ជិនពីង និងបៃដិនថា ជាជំហានវិជ្ជមានមួយ។
ការអត្ថាធិប្បាយរបស់លោកវ៉ាង យីបានធ្វើឡើង ខណៈទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិកមានកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាជាច្រើន រួមមានពាណិជ្ជកម្ម ការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចមូស្លីម Uighur នៅក្នុងតំបន់ស៊ីនជាំង និងការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធាន។
ទោះយ៉ាងណា រដ្ឋបាល Biden បានបង្ហាញសញ្ញាថា ខ្លួននឹងរក្សាសម្ពាធទៅលើទីក្រុងប៉េកាំង។
លោក Biden បានសម្តែងការព្រួយបារម្ភអំពីការអនុវត្តពាណិជ្ជកម្ម “មិនស្មើភាព និងអយុត្តិធម៌” របស់ទីក្រុងប៉េកាំង និងគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ដែលថាប្រទេសចិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីមនៅតំបន់ភាគខាងលិចនៃស៊ីនជាំង៕