រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជំរុញគយពង្រឹងសកម្មភាពការងារ ដើម្បីបង្កើនចំណូល

ដោយៈលក្ខិណា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុលោកអូន ព័ន្ឋមុនីរ័ត្ន បានជម្រុញឲ្យមន្រ្តីគយ និងរដ្ឋាករ នៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ពង្រឹងសកម្មភាពការងាររបស់ខ្លួន លើការគៀរគរប្រមូលចំណូលឲ្យកាន់តែប្រសើរ និងត្រូវយកចិត្តទុកដាក់សហការឲ្យបានល្អ ជា​មួយអង្គភាពពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាព នូវការរត់ពន្ធខុសច្បាប់ផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងពេលចុះពិនិត្យគម្រោងសាងសង់ស្ថានីយ៍ ត្រួតពិនិត្យកុងតឺន័រ និងសម្ពោធការិយាល័យថ្មីនៅត្រពាំងផ្លុង ត្បូងឃ្មុំ កាលពីម្សិលមិញ លោកអូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យថ្មីនេះ គឺជារៀបចំឲ្យមានកន្លែងសំរាប់ធ្វើការសមរម្យ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករកាន់តែល្អប្រសើរឡើង។

លោកបន្តថា ដូច្នេះមន្រ្តីគយទាំងអស់ ដែលបំពេញការងារនៅតាមច្រកទ្វារនេះ ត្រូវខិតខំបំពេញ ការងារតាមតារាងលំហូរនៃនីតិវិធី ដោយប្រកាន់យកអភិក្រមបួនយ៉ាង គឺការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ អនុវត្តការងារជាក្រុម ប្រកាន់ខ្ជាប់ស្មារតីបុរេសក​ម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯង ជាពិសេសត្រូវមានកិច្ចសហការការងារឲ្យបានយ៉ាងជិតស្និទ្ធ រវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជម្រុញអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាព ។

លោកបន្ថែមថា នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាបានអនុវត្តវិធានការ និងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដែលបញ្ហាទាំងនេះបានកើតចេញពីការយកចិត្តទុកដាក់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឹងម៉ាត់ និងហ្មត់ចត់ របស់សម្តេចតេជោ ពិសេសការអនុវត្តនូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសង្គម និងមានការចូលរួមគាំទ្ររបស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ និងមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់ ជាពិសេសរាជរដ្ឋាភិបាលបានកំពុងអនុវត្តន៍ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះដល់ជីវិតប្រជាជន ការដោះស្រាយការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងជម្រុញការទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន ខណៈកម្ពុជាគឺជាប្រទេសមួយមានសក្តានុពល និងភាពអនុគ្រោះគ្រប់បែបយ៉ាងដល់ការវិនិយោគ។

ពន្ធគយ គឺជាចំណូលដ៏សំខាន់សម្រាប់ទ្រទ្រង់ ដល់ការចំណាយរបស់រដ្ឋ ។ ក្នុងឆ្នាំ ២០២០កន្លងទៅ តាមការប៉ាន់ស្មាន ចំណូលរបស់គយទទួលបានប្រមាណជាង២ពាន់លានដុល្លារ ខណៈចំណូលពន្ធដារជាចំណូលផ្ទៃក្នុង ក៏ទទួលបានប្រមាណជិត៣ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here