ការសិក្សាថ្មីៈ វិបត្តិកូវីដ-១៩ ធ្វើឱ្យបំណុលរបស់ពិភពលោកកើនឡើងដល់២៤ទ្រីលានដុល្លារ

ដោយៈ សុខុម

ទីក្រុងឡុងដ៍ៈ ការសិក្សាថ្មីមួយបង្ហាញថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានរុញច្រានឱ្យបំណុលរបស់ពិភពលោកកើនឡើង២៤ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដោយធ្វើឱ្យបំណុលសរុបឈានដល់២៨១ទ្រីលានដុល្លារអាមេរិក មិនធ្លាប់មាន ហើយនេះបង្ហាញថា អនុបាតបំណុលធៀបនឹង GDP (Debt-to-GDP Ratio) របស់ពិភពលោកទាំងមូលបានកើនឡើងរហូតដល់ទៅជាង៣៥៥%។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៨ កុម្ភៈ ឱ្យដឹងថា ក្រុមឃ្លាំមើលបំណុលពិភពលោកមកពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) ហៅកាត់ IIF បានប៉ាន់ប្រមាណថា កម្មវិធីគាំទ្ររបស់រដ្ឋាភិបាលនានា មានទំហំពាក់កណ្តាលនៃចំនួនកើនឡើងនេះ។

ទន្ទឹមនេះ បំណុលរបស់ក្រុមហ៊ុននានាទូទាំងពិភពលោកបានកើនឡើង៥,៤ទ្រីលានដុល្លារ បំណុលរបស់ធនាគារទូទាំងពិភពលោកកើនឡើង៣,៩ទ្រីលានដុល្លារ ហើយបំណុលរបស់គ្រួសារទូទាំងពិភពលោកកើនឡើង២,៦ទ្រីលានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបានសេចក្ដីថា បំណុលគិតជាអនុបាតនៃទិន្នផលសេដ្ឋកិច្ចពិភពលោកដែលគេស្គាល់ថា GDP បានកើនឡើង៣៥% រហូតដល់ជាង៣៥៥% នៃ GDP។ ការកើនឡើងអនុបាតបំណុលធៀបនឹង GDP នេះគឺខ្ពស់ជាងកម្រិតអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកទៅទៀត ដោយក្នុងឆ្នាំ២០០៨ បានកើនឡើងត្រឹមតែ១០% ហើយក្នុងឆ្នាំ២០០៩ បានកើនឡើងតែ១៥%។

តាមការព្យាករថា កម្រិតខ្ចីប្រាក់នៅឆ្នាំនេះនឹងកើនឡើងលើសកម្រិតមុនពេលផ្ទុះវីរុសកូវីដ-១៩ នៅក្នុងប្រទេស និងវិស័យជាច្រើនជាថ្មីម្ដងទៀត ដោយសារអត្រាការប្រាក់ទាប ប៉ុន្តែការបើកសេដ្ឋកិច្ចឡើងវិញគួរតែអាចជួយរុញឱ្យ GDP កើនឡើងស្មើគ្នា។

បំណុលនៅអឺរ៉ុប៖

នៅអឺរ៉ុប បំណុលបានកើនឡើងខ្លាំង ដោយអនុបាតបំណុលធៀបនឹង GDP នៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុក្នុងប្រទេសបារាំង អេស្ប៉ាញ និងក្រិក បានកើនឡើងប្រហែល៥០%។

ការកើនឡើងយ៉ាងឆាប់រហ័សនេះភាគច្រើន គឺដោយសាររដ្ឋាភិបាលនានាចេញវិធានការស្ដារសេដ្ឋកិច្ច
ជាពិសេសនៅក្នុងប្រទេសក្រិក អេស្ប៉ាញ អង់គ្លេស និងកាណាដា។

នៅក្នុងរបាយការណ៍វិភាគរបស់ស្ថាប័ន IIF ទៅលើ៦១ប្រទេស មានតែប្រទេសស្វ‍៊ីស មួយគត់ ដែលអនុបាតបំណុលរបស់ខ្លួន ធ្លាក់ចុះខ្លាំងមិនធ្លាប់មាន។

ចំណែកឯក្នុងទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័សវិញ អនុបាតបំណុលរបស់ប្រទេសចិន បានកើនឡើងខ្ពស់បំផុត លើកលែងតែវិស័យធនាគារ បន្ទាប់មកគឺប្រទេសតួកគី កូរ៉េខាងត្បូង និងអារ៉ាប់រួមអេមីរ៉ាត។ អនុបាតបំណុលរបស់រដ្ឋាភិបាលក្នុងប្រទេសអាហ្រ្វិកខាងត្បូង និងឥណ្ឌា ក៏បានកើនឡើងខ្ពស់បំផុតដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here