រដ្ឋាភិបាលដាក់ចេញការងារអាទិភាពចំនួន៥ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលប្រកាសដាក់ចេញការងារអាទិភាពចំនួន៥ ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនិងបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋនិងប្រជាជន និងទាំងធុរជន ក្នុងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី។

ការងារអាទិភាព៥ធំៗ រួមមាន ១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ២) ការកសាងទំមនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល ៣) ការកសាងពលរដ្ឋឌីជីថល ៤) ការកសាងរដ្ឋាភិបាលឌីជីលនិង៥) ការជំរុញធុរកិច្ចឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ឆ្នាំ ២០២១-២០៣៥ ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្របតាមស្មារតីនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ក្រមខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ត្រូវបានគិតគូរប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ និងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថល។

ម្យ៉ាងទៀត ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយមានភាពឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជាបរិវត្តកម្មឌីជីថល ដែលបាននិងកំពុងធ្វើឱ្យនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការវិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ដែលចាប់តាំងពីឆ្នាំ ២០២០មក បទពិសោធន៍ និងមេរៀននៃវិបត្តិកូវីដ១៩ បានបង្ហាញអំពីសក្ដានុពលកាន់តែសំខាន់នៃបរិវត្តកម្មឌីជីថល ក្នុងការជំរុញការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច។

រាជរដ្ឋាភិបាលបានជំរុញឱ្យវិស័យឯកជនក៏ដូចជាវិស័យរដ្ឋ ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ដោយក្រសួងស្ថាប័ននានា ក៏បានផ្លាស់ប្តូរការងារមួយចំនួនផងដែរ ដើម្បីដើរទៅតាមសម័យបច្ចេកវិទ្យា ក្នុងពេលពិភពលោកក៏បានផ្លាស់ប្តូរការងារទៅរកបច្ចេកវិទ្យានេះផងដែរ។

លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងផងដែរថា ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ ឆ្នាំ ២០២០កន្លងទៅ ក៏កម្ពុជាមិនបានផ្អាកគម្រោងអភិវឌ្ឍន៍ណាឡើយ។ ផ្ទុយទៅវិញមានតែជំរុញការអភិវឌ្ឍបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here