ហ្វីលីពីនដាក់ចេញគោលការណ៍ថ្មីអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនទិញអង្ករដោយផ្ទាល់ពីកម្ពុជា

ដោយ៖ សាវុធ

ភ្នំពេញ៖ ប្រទេសហ្វីលីពីន បានដាក់ចេញគោលការណ៍ថ្មី ដោយអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួន មកទិញអង្ករដោយផ្ទាល់ពីកម្ពុជា ខណៈគោលការណ៍ថ្មីត្រូវអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។

គោលការណ៍ថ្មីរបស់ហ្វីលីពីននេះ ត្រូវបានលើកឡើង នៅថ្ងៃទី១៧ ខែកុម្ពៈ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយរវាងលោកប៉ាន សូរស័ក្ដិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចជំនួបនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំភាគីហ្វីលីពីនឱ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀងគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។

ជាការឆ្លើយតប លោកស្រី Maria បានថ្លែងថា គោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។

លោកស្រីបានបន្តទៀតថា “ទន្ទឹមនឹងនេះ ភាគីហ្វីលីពីនក៏បានជម្រាបថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា”។

ក្នុងកិច្ចជំនួបនេះដែរ ភាគីកម្ពុជាបានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។

ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here