ដោយៈ សាវុធ
ភ្នំពេញៈ “សន្សំប្រាក់? តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?” នេះជាពាក្យ ដែលលេចឡើងភ្លាមៗក្នុងចិត្តរបស់មនុស្សទូទៅ កាលណាគេនិយាយពីរឿងសន្សំប្រាក់។
ប្រសិនបើយើងទុកពាក្យនេះក្នុងចិត្ត នោះយើងប្រាកដជាមិនអាចសន្សំ ប្រាក់បានជាដាច់ខាត។ សុភាសិតខ្មែរមួយពោលថា “ទូកធំ ក្តោងធំ” មាន ន័យថាចំណូលច្រើន ចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើងទៅតាមខ្ទង់ចំណូល។
ចូរធ្វើបញ្ជីចំណាយប្រចាំថ្ងៃ រួចបូកសរុប និងពិនិត្យជារៀងរាល់សប្តាហ៍ ហើយចោទសួរខ្លួនឯងថាតើចំណាយអ្វីខ្លះ ដែលចាំបាច់ខានមិនបាន និងតើចំណាយអ្វីខ្លះដែលអាចកាត់ចោលបាន។
ចំណាយណា ដែលកាត់បាន យើងដកប្រាក់ដែលធ្លាប់ចំណាយនោះ មកសន្សំវិញ។ តើអ្នកបរិភោគអាហារ ក្រៅផ្ទះញឹកញាប់ទេ? តើអ្នកអាចកាត់ចំណាយប្រចាំថ្ងៃមួយចំនួនចេញបានទេ (ដូចជា កាហ្វេ សុរា បារី ។ល) ? តើសេវាកម្មអ្វីខ្លះដែលអ្នកមិនត្រូវការចាំបាច់ (ទូរទស្សន៍ខ្សែកាប)?។
ចូរផ្ទេប្រាក់ខែជាស្វ័យប្រវត្តិ មួយចំណែកចូលក្នុងគណនីសន្សំ។ ចូរចងចាំថា ធម្មជាតិ ជាមនុស្សមានប្រាក់ក្នុងដៃកាន់តែច្រើនកាន់ តែចង់ចំណាយ។ ដូច្នេះបើប្រាក់ជាប់ក្នុងគណនីសន្សំ ពិបាកដកចេញឬមិនអាចដកចេញ ក៏មិនងាយនឹងចំណាយផ្តេសផ្តាសដែរ។
ប្រសិនបើអ្នក ឡើងប្រាក់ខែ ឬទទួលបានប្រាក់រង្វាន់ ចូរយកប្រាក់ ដែលទទួលបាននោះដាក់ក្នុងគណនីសន្សំ ព្រោះកន្លងមកអ្នកប្រើតែប្រាក់ខែចាស់ ក៏អាចទូទាត់ចំណាយជីវភាពគ្រប់គ្រាន់ទៅហើយ។
គ្រប់សាច់ប្រាក់បន្ថែម ដែលអ្នកទទួលបានពីប្រភពផ្សេងដោយការ ធ្វើសេវាកម្មរបស់អ្នក ឬដោយសារមូលហេតុណាមួយ ចូរដាក់ចូលក្នុងគណនីសន្សំទាំងអស់ ឬមួយចំណែកណានោះ។
ប្រាក់ ដែលធ្លាប់សងបំណុលគេជារៀងរាល់ខែ លុះសងដាច់ហើយ ចូរដាក់ប្រាក់នេះចូលទៅក្នុងគណនីសន្សំ៕ ប្រភពៈ Salarean៕