ចំណេះដឹង! តើ​ប្រាក់បៀវត្សរ៍​ចាប់ពី​ប៉ុន្មាន​ទើប​ជាប់ពន្ធ?

ដោយៈ សាវុធ

ភ្នំពេញៈ ពន្ធលើប្រាក់បៀវត្ស​រ៍ គឺជា​ពន្ធ​ប្រចាំខែ​កំណត់​លើ​ប្រាក់បៀវត្សរ៍ ដែល​រូប   វ័​ន្ត​បុគ្គល​បានទទួល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ បំពេញ​សកម្មភាព​បំរើកា​រងារ។

រូបវ័ន្ត​បុគ្គល​និវាស​ន​ជន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស​រ៍ ចំពោះ​ប្រាក់បៀវត្ស​ប្រភព​កម្ពុជា និង​ប្រាក់បៀវត្ស​ប្រភព​បរទេស។ រូបវន្ត​អ​និវាស​ន​ជន​ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស​ចំពោះ ប្រាក់បៀវត្ស​ប្រភព​កម្ពុជា។

សហគ្រាស​ដែលជា​និយោជក ត្រូវមាន​កាតព្វកិច្ច​កា​ត់​ទុក ពន្ធលើប្រាក់បៀវត្ស​រ៍​នៅ​មុនពេល បើកប្រាក់​បៀវត្ស​ឱ្យដល់​និយោជិត និង​បង់ប្រាក់​ពន្ធ​នេះ​ជូន​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី២០នៃ​ខែ​បន្ទាប់ ពី​ខែ​ដែល​ប្រាក់បៀវត្ស​ត្រូវបាន​បើក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់​និយោជិត​និវាស​ន​ជន ប្រាក់​ពន្ធ​ត្រូវ​បង់​ត្រូវ​កំណត់​លើ​ប្រាក់បៀវត្សរ៍ ជាប់ពន្ធ​ប្រចាំខែ​និង​ត្រូវ​កាត់​ទុក តាម​អត្រាកំណើន​តាម​ថ្នាក់​ដូចតទៅៈ

ភាគរយ​នៃ​បៀវត្ស​ប្រចាំខែ​ត្រួវ​ជាប់ពន្ធ  អត្រា​ព​ន្ធៈ

ពី០ ៛  ដល់១.២០០.០០០ ៛  ០%

ពី  ១.២០០.០០១ ៛  ដល់  ២.០០០.០០០ ៛  ៥%

ពី  ២.០០០.០០១ ៛  ដល់  ៨.៥០០.០០០ ៛  ១០%

ពី  ៨.៥០០.០០១ ៛  ដល់  ១២.៥០០.០០០ ៛  ១៥%

លើសពី  ១២.៥០០.០០០ ៛  ២០%

សម្រាប់​និយោជិត​អ​និវាស​ន​ជន ពន្ធលើប្រាក់បៀវត្ស​រ៍ ត្រូវបាន​កាត់​ទុក​តាម​អត្រា ២០% នៃ​ទឹកប្រាក់​ត្រូវ​បើក​ឱ្យ​មុន​ការ​កាត់​ទុក។ ពន្ធ​កាត់​ទុក​នេះ​គឺជា​ពន្ធ​ចុងក្រោយ នៃ​ប្រាក់បៀវត្សរ៍ សម្រាប់​អ​និវាស​ន​ជន​ជា​អ្នកទទួល​ប្រាក់បៀវត្សរ៍។

ចំពោះ​អត្ថប្រយោជន៍​បន្ថែម​ជា​រៀងរាល់ខែ សហគ្រាស ក្រុមហ៊ុន​ត្រូវ​កាត់​ទុក និង​បង់ប្រាក់​ពន្ធ​តាម​អត្រា២០ភាគរយ នៃ​តម្លៃ​សរុប​របស់​អត្ថប្រយោជន៍​បន្ថែម ដែល​បាន​ផ្តល់ឱ្យ​និយោជិត​ទាំងអស់។ តម្លៃ​នៃ​អត្ថប្រយោជន៍​បន្ថែម គឺជា​តម្លៃ​ទីផ្សារ រួមទាំង​ពន្ធអាករ​ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here