ធនាគារ ABA ទទួលបាន​ប្រាក់ចំណេញ​ជាង ៥០លាន​ដុល្លារ ខណៈ​ទ្រព្យសកម្ម​កើនដល់ ៦,១ពាន់​លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA) ទទួលបាន​ចំណេញ​សុទ្ធ ៥០,២លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី៤ឆ្នាំ២០២០ ខណៈ​ទ្រព្យសកម្ម​សរុប​កើន​បាន៨,៤% ធៀប​នឹង​ត្រីមាស​ទី៣ និង​សមមូល ៦,១ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់ត្រីមាស​ទី៤ កាលពី​ឆ្នាំមុន។

ការប្រកាស​ពី​ស្ថានភាព​ចំណូល​នេះ ត្រូវបាន​ឡើង​ក្នុង​របាយការណ៍​អំពី​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ធនាគារ ABA ក្នុង​ត្រីមាស​ទី​បួន ឆ្នាំ២០២០ ដែល​ដាក់ជូន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yves Jackquot ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ABA បាន​ថ្លែងថា សំដៅលើ​សូចនាករ សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ នៅក្នុង​រយៈពេល​នៃ​របាយការណ៍​នេះ យើង​ទទួលបាន​កំណើន​ប្រកបដោយ​ស្ថិរភាព។

លោក​បាន​ថ្លែងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី៤ ឆ្នាំ២០២០ ទ្រព្យសកម្ម​សរុប​កើន​បាន ៨,៤% ធៀប​នឹង​ត្រីមាស​ទី​បី​និង​សមមូល ៦,១ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​មូលធន​ភាគ​ហ៊ុ​និក​របស់​ធនាគារ​ក៏​កើនឡើង និង​ឡើងដល់ ៧៧០,៥លាន​ដុល្លារ​អាមេរិក អំឡុង​របាយការណ៍​នេះ។

លោក​បាន​បន្តទៀតថា “ធនាគារ​មាន​សមត្ថភាព អាច​រក្សា​ផលចំណេញ​សុទ្ធ៥០,២លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី​បួន ឆ្នាំ២០២០” ។ លោក​ថ្លែងថា “កំណើន​ទាំងនេះ​អាច​កើតមាន ដោយសារ​អានុភាព​ដ៏​ខ្លាំងក្លា របស់​កម្មវិធី​សេវា​ធនាគារ​ឌីជីថល និង​ស្វ័យ​សេវា​ដ៏​ទំនើប​របស់ខ្លួន” ។

ក្នុង​ត្រីមាស ទី​បួន​នេះ ធនាគារ ABA បាន​បង្កើន​សមត្ថភាព​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់ខ្លួន តាមរយៈ​ការនាំមក​នូវ​សេវាកម្ម និង​មុខ​ង៉ា​រ​ងាយស្រួលថ្មីៗ ដូចជា សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស MoneyGram និង​សេវា​ផ្ទេរប្រាក់​ក្នុង​ស្រុង ប៉ា​គង រួមទាំង​ចំនួន​ទឹកប្រាក់​កំណត់​ខ្ពស់ជាង​មុន​ចំពោះ​កម្ចី ភ្លាមៗសម្រាប់​ម្ចាស់​គណនី​ប្រាក់​បញ្ញើ មាន​កាលកំណត់ ការគាំទ្រ​ភាសា​ចិន និងផ្សេងៗទៀត។

ធនាគារ​បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី PayWay Mobile សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ ក្នុង​ការទទួល​ទូទាត់​ពី​អតិថិជន​របស់ខ្លួន​ជា​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​ដោយ​មិន​ប្រើ​សាច់ប្រាក់ តាមរយៈ​ការបង្កើត​កូដ QR ជាមួយ​ទូរស័ព្ទដៃ​របស់​ពួកគេ។ កម្មវិធី​នេះ​ដោះស្រាយ​ប្រតិបត្តិ ការ​ប្រចាំថ្ងៃ​របស់​ពាណិជ្ជក​ពាក់ព័ន្ធ នឹង​ការ​រក្សាទុក​កំណត់ត្រា​ការលក់ ខណៈដែល​កាត់បន្ថយ​ការប៉ះពាល់​នឹង​សាច់ប្រាក់។

ABA មាន​បណ្តាញ​ពាណិជ្ជករ​ជាង ៦០.០០០ កំពុង​ទទួល​ការទូទាត់​តាម​កូដ QR ពី​អ្នកប្រើប្រាស់​កម្មវិធី ABA Mobile ហើយ​កម្មវិធី PayWay Mobile ត្រូវបាន​រំពឹងថា​នឹង​ពង្រឹង​ជំហរ​របស់​ធនាគារ​នៅក្នុង​វិស័យនេះ​ផងដែរ។

ដោយ​សង្កេតឃើញ​សមិទ្ធផល​ទាំងអស់នេះ ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ Asiamoney (ហុងកុង) បានផ្តល់​កិត្តិយស​ប្រគល់ជូន​ធនាគារ ABA នូវ​ពានរង្វាន់ “ធនាគារ​ឌីជីថល​ដ៏​ឆ្នើម​នៅ​កម្ពុជា ឆ្នាំ២០២០” ។

បន្ថែម​លើ​នេះ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ PayWay ត្រូវ​ទស្សនា​វ​ដ្តី Asia eCommerce (សិង្ហ​បុរី) បាន​ប្រសិទ្ធ​នាម​ជា “ដំណោះស្រាយ​ការទូទាត់​ពាណិជ្ជកម្ម អេ​ឡិ​ក​ត្រូ​និក​ល្អ​បំផុត​នៅ​កម្ពុជា” រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here