ចំណេះដឹង​ហិរញ្ញវត្ថុ! តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ចំណាយ​ឱ្យ​ល្អប្រសើរ?

ដោយៈ សាវុធ

ភ្នំពេញៈ និយាយ​ដល់​រឿង​ចំណាយ​មនុស្ស​ភាគច្រើន ជួបប្រទះ​បញ្ហា​ប្រហាក់ប្រហែលគ្នា ពោលគឺ​ទើបតែនឹង​បើក​ប្រាក់ខែ​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង មិនដឹង​បាត់ប្រាក់​ទៅណា​អស់ រួច​ក៏​ចោទសួរ​ខ្លួនឯង​ថា ខ្ញុំ​ដូចជា​មិនបាន​ចាយវាយ​អី​ខ្ជោះ​ខ្ជាយ​ទេ ហេតុអ្វី​ក៏​អស់ប្រាក់​ទៅណា​លឿន​ម្ល៉េះ? អ្នកខ្លះ​ថា ដាច់​ខែ​ដាច់ខ្យល់។

ចូរ​អនុវត្តតាម​ដំណាក់កាល​ទាំង​បួន​ខាងក្រោម ដើម្បី​គ្រប់គ្រង​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
  • ធ្វើបញ្ជី​តាមដាន​ចំណាយ​ប្រចាំថ្ងៃ • ធ្វើបញ្ជី​ចំណូល​និង​ចំណាយ​ប្រចាំខែ • ស្វែងរក​មធ្យោបាយ​កាត់បន្ថយ​ចំណាយ • ស្វែងរក​មធ្យោបាយ​បង្កើន​ចំណូល។

តាមដាន​ចំណាយ​ប្រចាំថ្ងៃ

ជា​រៀងរាល់ថ្ងៃ​ចូរ​កត់ត្រា​គ្រប់​ចំណាយ​ទាំងអស់ រាប់​ចាប់តាំងពី​កាហ្វេ គុយទាវ ឡើងទៅ។ ចូរ​អនុវត្ត​បែបនេះ​រាល់ថ្ងៃ នោះ​អ្នកនឹង​រកឃើញថា អ្នក​បាន​ចាយវាយ​ខ្ជោះ​ខ្ជាយ​លើ​អ្វីខ្លះ អ្វី​ដែលជា​ចំណាយ​ចាំបាច់ អ្វី​ដែលជា​ចំណាយ​មិនចាំបាច់។ ចូរ​កាត់បន្ថយ​ឬ​កុំ​ចាយ​លើ​របស់​ដែល​មិនចាំបាច់។

តារាង​ចំណូល និង​ចំណាយ

ចូរ​កត់ត្រា​ចូល​ទាំងអស់ នូវ​រាល់​ចំណូល​របស់​អ្នក​មកពី​ប្រភពផ្សេងៗ ឧទាហរណ៍ ចំណូល​ពី​ការងារ អាជីវកម្ម ការប្រាក់ ។ល។

ចូរ​បែងចែក​ចំណាយ​ជា​ពីរ​ប្រភេទ គឺ​ចំណាយ​ថេរ​រួមមាន​ដូចជា​ឈ្នួល​ផ្ទះ ថ្លៃ​សាលា ថ្លៃ​ធានារ៉ាប់រង… និង​ចំណាយ​ប្រែប្រួល រួមមាន​ដូចជា ថ្លៃ​ទឹក ថ្លៃ​អគ្គិសនី ថ្លៃ​អាហារ។

គន្លឹះ​កាត់បន្ថយ​ចំណាយ

  • ត្រូវ​ចាយវាយ​ទៅតាម​ផែនការ​ចំណាយ។
  • ដាក់​ប្រាក់​តាម​ខ្លួនតិចៗបាន​ហើយ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ដក​ចាយ​ច្រើន។
  • ទិញ​ទំនិញ​ដែល​ចាំបាច់​តែប៉ុណ្ណោះ។
  • មុន​ទៅ​ទិញ​ទំនិញ​ត្រូវមាន​បញ្ជី​មុខទំនិញ​ដែល​ត្រូវ​ទិញ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ទិញ​តាមតែ​ចិត្ត​ចង់។
  • ខ្ចប់​អាហារ​ថ្ងៃត្រង់​ពី​ផ្ទះ​ទៅ ជាជាង​បរិភោគ​នៅ​ភោ​ជនី​ដ្ឋា​ន។
  • បង់ថ្លៃ​ទឹក អគ្គិសនី និង​ថ្លៃ​ដទៃទៀត ឲ្យ​ទាន់ពេល​ដើម្បី​ជៀសវាង​ការផាកពិន័យ។
  • ឆែក​មើល​ចំណាយ​ប្រចាំខែ រួច​សួរ​ខ្លួនឯង​ថា តើ​អ្នក​ពិតជា​ត្រូវការ​របស់​ទាំងនោះ​មែនឬ។
  • កាត់​ប្រាក់​ចេញពី​គណនី​ប្រាក់ខែ​ដោយ​ស្វ័យប្រវត្តិ​រៀងរាល់ខែ​ចូលក្នុង​ខ្ទង់​សន្សំ។
  • ស្វែងរក​ប្រភព​ចំណូល​ផ្សេងទៀត ចូរ​សួរ​ខ្លួនឯង​ថា​ក្រៅពី​ប្រភព​ចំណូល​សព្វថ្ងៃ តើ​អា​ចរក​ចំណូល​មកពី​ប្រភព​ណា​ផ្សេង​បន្ថែមទៀត​ទេ។
  • ចូរ​រក្សាទុក​ឯកសារ​បញ្ជីស្នាម​ឲ្យ​មាន​របៀបរៀបរយ និង​មាន​សុវត្ថិភាព។
  • ចូរ​ពិនិត្យ​និង​វាយតម្លៃ​លើ​ចំណាយ​ចំណូល​របស់ខ្លួន​ជា​ទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here