JETRO: ការនាំចេញរបស់អាស៊ានធ្លាក់ចុះតិចតួចជាងការរំពឹងទុក

ដោយ: សុខុម

កូត្យូ: ទិន្នន័យរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ការនាំចេញរបស់សេដ្ឋកិច្ចធំបំផុតទាំង៦ នៅក្នុងតំបន់អាស៊ាន បានធ្លាក់ចុះ២,២% ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ មកនៅចំនួនសរុប១,៣៥ ទ្រីលានដុល្លារ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ តួលេខនេះគ្រាន់តែជាការធ្លាក់ចុះតិចតួចប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយដកស្រង់ទិន្នន័យពីពន្ធគយ អង្គការ JETRO បានឱ្យដឹងថា ក្នុងចំណោមសេដ្ឋកិច្ចធំៗទាំងនេះ មានតែប្រទេសវៀតណាម មួយគត់ ដែលទទួលបានកំណើននាំចេញសរុប៧% ដល់២៨២,៦៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដោយការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះ៥,២% ការនាំចេញទៅកាន់សហរដ្ឋអាមេរិក កើនឡើង២៥,៧% ហើយការនាំចេញទៅកាន់ប្រទេសចិន កើនឡើង១៨,០%។

ទោះជាយ៉ាងណា អតិរេតកពាណិជ្ជកម្មកើនឡើងរបស់វៀតណាម ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងការអន្តរាគមន៍របស់រដ្ឋាភិបាលក្រុងហាណូយ នៅក្នុងទីផ្សារប្ដូរប្រាក់បរទេស បានធ្វើឱ្យក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក កាលពីខែធ្នូ កន្លងទៅដាក់ប្រទេសនេះចូលក្នុងបញ្ជីខ្មៅ ជាប្រទេសក្រឡុករូបិយប័ណ្ណជាលើកដំបូងមិនធ្លាប់មាន។

យោងតាមទិន្នន័យរបស់អង្គការ JETRO ឱ្យដឹងទៀតថា ក្នុងចំណោមសេដ្ឋកិច្ចធំៗ៥ ទៀតរបស់អាស៊ាន ការនាំចេញរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះ១០,១% ក្នុងឆ្នាំ២០២០ ថៃ ធ្លាក់ចុះ៦,០% សិង្ហបុរី ធ្លាក់ចុះ៤,១% ម៉ាស៊ីឡេស៊ី ធ្លាក់ចុះ២,៦% និងឥណ្ឌូនេស៊ី ធ្លាក់ចុះ២,៦%។

អតិរេកពាណិជ្ជកម្មសរុបនៅក្នុងប្រទេសជាសមាជិកអាស៊ាន ទាំង៦នេះ កើនលើស៣ដង រហូតដល់ ១៣៣,៦៦ពាន់លានដុល្លារ ខណៈការធ្លាក់ថ្លៃថាមពលអគ្គិសនី និងតម្រូវការក្នុងស្រុកធ្លាក់ចុះបណ្ដាលឱ្យការនាំចូលធ្លាក់ចុះកាន់តែខ្លាំងជាងការនាំចេញ។

អតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃ បានកើនឡើង១៤៤,៥% បើធៀបនឹងការកើនឡើង៨៣,៥%សម្រាប់ប្រទេសវៀតណាម ៤៣,៩%សម្រាប់ប្រទេសសិង្ហបុរី និង២៥,៦%សម្រាប់ម៉ាឡេស៊ី។
ប្រទេសហ្វីលីពីន បានកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនបាន៤៦,៣% មកនៅត្រឹម ២១,៨៤ ពាន់លានដុល្លារ។

ប្រទេសឥណ្ឌូនេស៊ី បានទទួលបានអតិរេកពាណិជ្ជកម្ម២១,៧៤ ពាន់លានដុល្លារ បើធៀបនឹងឱនភាព៣,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។

ប្រទេសសិង្ហបុរី មានចំណែក២៧,៤% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសទាំង ៦ បើគិតពីតម្លៃក្នុងឆ្នាំ២០២០ វៀតណាម មាន២១,៣% ថៃ មាន១៧,១% ម៉ាឡេស៊ី មាន១៦,៥% ឥណ្ឌូនេស៊ី មាន១១,៩% និងហ្វីលីពីន មាន៥,៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here