តើ SWOT មាន​សារៈសំខាន់​ដូចម្តេច ដើម្បី​ឆ្លុះបញ្ចាំង​អាជីវកម្ម​អ្វីមួយ

ដោយ​គង់ សិរី​ម៉ា​លីន​ណា

ភ្នំពេញៈ ម្ចាស់​អាជីវកម្ម​ខ្នាតតូច​មួយចំនួន ប្រហែល​មិន​ធ្លាប់​បានឮ​ពីមុនមក​នោះទេ បើទោះជា​ធ្លាប់បាន​ប្រើប្រាស់​វា​ខ្លះ​រួចទៅហើយ។ SWOT ជា​ទ្រឹស្ដី​វិភាគ​ទៅលើ​ធាតុ​បួនសំខាន់ៗគឺ S (strength=ចំណុចខ្លាំង) W (weakness=ចំណុចខ្សោយ) O (opportunity=ឱកាស) និង​មួយទៀត​គឺ T (threat=កត្តា​គំរាមកំហែង)។

ចំណុច​ទាំង​បួន​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​សម្រាប់​អាជីវកម្មនីមួយ។ បើ​យើង​មិន​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ថា​ខ្លាំង ឬ​ខ្សោយ​ប៉ុណ្ណា​ផង តើ​យើង​អាច​ចាប់យក​ឱកាស ឬ​គេច​ឱ្យ​ចេញពី​កត្តា​គំរាមកំហែង​ដោយ​វិធី​ណា​បាន។ ក្នុង​អាជីវកម្ម​ជាក់ស្ដែង​មាន​បញ្ហា​រាប់រយ​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អាជីវកម្ម​អាច​បោះ​ជំ​ហ៊ាន​ទៅមុខ។ ប៉ុន្តែ​រឿង​មួយ​គឺថា​បញ្ហា​នោះ​បណ្ដាលមកពី​អ្វី​ឱ្យ​ពិតប្រាកដ? មកពី​យើង​មិនទាន់​កំណត់​ចំណុចខ្លាំង​របស់ខ្លួន​មិនទាន់បាន​ឬមួយ​យ៉ាងណា?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះ​ជា​ឧទាហរណ៍​មួយចំនួន​អំពី​ចំណុចខ្លាំង​ចំណុចខ្សោយ​ឱកាស និង​កត្តា​គំរាមកំហែង​ខ្លឹមសារ​លម្អិត​នៃ​ចំណុចនីមួយ៖ ចំណុចខ្លាំង និង​ចំណុចខ្សោយ​គឺ​ស្ថិតនៅក្នុង​ចង្កោម​នៃ​កត្តា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។ មានន័យថា​ក្រុមហ៊ុន​មាន​ចំណុចខ្លាំង ឬ​ខ្សោយ​ដែល​ចំណុច​ទាំងពីរ​នេះ​គឺ​កើតឡើង​ពី​ក្រុមហ៊ុន​ខ្លួនឯង។

ចំណុចខ្លាំង (strength)៖ គឺជា​ចំណុច​លេចធ្លោ​របស់​ក្រុមហ៊ុន បើ​ធៀប​នឹង​គូប្រកួត​ប្រជែង។ចំ ណុ​ច​លេចធ្លោ​នេះ​គឺ​មានន័យថា ជា​ចំណុច​ពិសេស​ដែល​ខ្លួន​មាន និង​ខ្លាំង​ជាង​គូប្រកួត។ ឧទាហរណ៍​យើង​មាន​ផលិតផល​មាន​គុណភាព​ខ្ពស់ជាង​គូប្រកួត​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ល្បី​រន្ទឺ វេច​ខ្ចប់​ទាក់ទាញ​ជាង​អតិថិជន​មានការ​ស្មោះស្ម័គ្រ​ច្រើន​មាន​បច្ចេកវិទ្យា​ទំនើប​ខុសពី​គេ​មាន​ធនធានមនុស្សពូកែៗច្រើន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លាំង និង​ធនធាន​ច្រើន​ជាដើម។ ម្ចាស់​អាជីវកម្ម​ត្រូវតែ​ដឹង​ពី​ចំណុច​នេះ​ព្រោះថា​ដើម្បី​ដឹងថា​ខ្លួនឯង​នៅត្រង់​កន្លែង​ណា​ហើយ​គូប្រកួត​នៅ​កន្លែង​ណា?។

ចំណុចខ្សោយ (weakness)៖ នេះ​ជា​កត្តា​ដែល​រារាំង ឬ​រាំងស្ទះ​ដល់​ដំណើរការ​លូតលាស់​រប​ស់​ក្រុមហ៊ុន​ហើយក៏​ជា​ចំណុច​ចាញ់​ប្រៀប​គូប្រកួត​ដែរ។ ចំណុចខ្សោយ​ដែល​ក្រុមហ៊ុន​មាន​គឺ​ត្រូវតែ​កម្ចាត់​ចោល ឬ​កែប្រែ​ឱ្យ​ប្រសើរ​ឱ្យបាន​បើ​មិន​ដូច្នោះ​ទេ​អាជីវកម្ម​របស់​យើង​នឹង​កាន់តែ​ចាញ់​គូប្រកួត​បាត់បង់​ទីផ្សារ​កាន់តែច្រើន ឬ​ឈានដល់​ចំណុច​ក្ស័យធន​ក៏​ថា​បាន​ប្រសិនបើ​ចំណុចខ្សោយ​របស់​ក្រុមហ៊ុន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

បញ្ហា​ទាំងអស់នោះ​មានដូចជា​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ​ខ្វះ​ធនធានមនុស្សពូកែៗខ្វះ​ដៃគូ​ផ្គត់ផ្គង់​ខ្វះ​ដៃគូ​ចែកចាយ​ម៉ាក​យីហោ​មិនទាន់​ល្បី​បំណុល​ច្រើន​ល​និង​ល។ ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​នូវ​ចំណុចខ្សោយ​ទាំងឡាយ​ដែល​បន្ទច់បង្អាក់​ដល់​ដំណើរ​លូតលាស់​របស់​ក្រុមហ៊ុន។ ឱកាស​និង​កត្តា​គំរាមកំហែង​គឺ​ស្ថិតនៅក្នុង​ចង្កោម​នៃ​កត្តា​ខាងក្រៅ​របស់​ក្រុមហ៊ុន។ មានន័យថា​ក្រុមហ៊ុន​មិនអាច​គ្រប់គ្រង​កត្តា​ទាំងពីរ​នេះ​បាន​នោះទេ។

ឱកាស៖ គឺជា​កត្តា​ខាងក្រៅ​មួយ​ដែល​អាច​ផ្ដល់​ការអនុគ្រោះ ឬ​ជួយ​ធ្វើឱ្យ​ក្រុមហ៊ុន​កាន់​តែមាន​ឧត្ដមភាព​ប្រកួតប្រជែង (competitiveadvantage)។ ឱកាស​នេះ​ជួនកាល​មិនមែន​ផ្ដល់​ផលចំណេញ​ដល់​តែ​ក្រុមហ៊ុន​យើង​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គូប្រកួត​ក៏​អាច​ទទួលបាន​ដូចគ្នា​ដែរ។ ឧទាហរណ៍​យើង​រកស៊ី​ផ្នែក​លក់ទំនិញ​តាម​អន​ឡាញ​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ​ក៏​ជា​ឱកាស​ដែរ ប៉ុន្តែ​គូប្រកួត​របស់​យើង​ក៏​ទទួលផល​ពី​កំណើន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ដូចគ្នា​ដែរ។ ឱកាស​អាចពាក់ព័ន្ធ​នឹង​បទ​បញ្ញត្ត​របស់​រដ្ឋាភិបាល​ដូចជា​រដ្ឋាភិបាល​លើកលែង​ពន្ធ​លើ​ឧបករណ៍​បម្រើឱ្យ​វិស័យ​កសិកម្ម​ជាដើម។ ឱកាស​ក៏​អាចពាក់ព័ន្ធ​នឹង​កត្តា​បច្ចេកវិទ្យា​ផងដែរ។

ការគំរាមកំហែង៖ គឺជា​កត្តា​ខាងក្រៅ​មួយទៀត​ដែល​ក្រុមហ៊ុន​មិនអាច​គ្រប់គ្រង​បាន។ កត្តា​ខាងក្រៅ​អាចពាក់ព័ន្ធ​នឹង​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​គ្រោះធម្មជាតិ​កត្តា​ថ្លៃដើម​ឡើងថ្លៃ​ការប្រកួតប្រជែង​កើនឡើង​និង​កត្តាផ្សេងៗទៀត។ ដើម្បី​ទប់ស្កាត់​កត្តា​គំរាមកំហែង​ក្រុមហ៊ុន​ត្រូវតែមាន​ធ្វើការ​វិភាគ​ហានិភ័យ (risks) ឱ្យបាន​ច្បាស់លាស់។ មួយទៀត​នោះ​ដើម្បី​ទប់ស្កាត់​កត្តា​មួយចំនួន​បាន​ក្រុមហ៊ុន​ត្រូវមាន​ផែនការ​ត្រៀម​ដែល​គេ​ហៅថា (contingencyplan)។ សាក​គិត​បន្តិច​ទៅ​មើល​ទៅលើ​អាជីវកម្ម​របស់​អ្នក​ថា​តើ​មាន​ចំណុចខ្លាំង​ខ្សោយ​ឱកាស​និង​កត្តា​គំរាមកំហែង​អ្វីខ្លះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here