សេដ្ឋកិច្ច​អង់គ្លេស​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ក្នុងពេល​ជាង ៣០០ឆ្នាំ

ដោយៈ​សុខុម

ក្រុង​ឡុង​ដ៍:  សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស បាន​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ជាង៣សតវត្សរ៍ ដោយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​ធ្លាក់ចុះ​រហូតដល់​ទៅជិត ១០% នៅក្នុង​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី១២ កុម្ភៈ។

ការដាំ​ក្បាល​ចុះ​ដ៏​អាក្រក់​នៃ​សេដ្ឋកិច្ច​របស់​យក្ស​នៅ​តំបន់​អឺរ៉ុប​នេះ គឺ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​បំផ្លាញ​កំណើនសេដ្ឋកិច្ច​គ្មាន​សល់​នៅ​អង់គ្លេស ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ ស្រដៀង​នឹង​ស្ថានភាព​ក្នុង​ឆ្នាំ២០១៣ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យ​របស់​ធនាគា​រ​កណ្ដាល​របស់​អង់គ្លេស Bank of England បង្ហាញថា ការធ្លាក់ចុះ​GDP៩,៩% នៅ​អង់គ្លេស។ នេះ​គឺ​ស្រាល​ជាង​ការរំពឹងទុក ប៉ុន្តែ​នៅតែ​ខ្ពស់ជាង​អំឡុង​មហា​វិបត្តិ​សេដ្ឋកិច្ច (Great Depression) ក្នុង​ឆ្នាំ១៩២១ ដែល​កាលនោះ GDP បាន​ធ្លាក់ចុះ៩,៧% ដោយ​ធ្វើឱ្យ​វា​ក្លាយជា​ការធ្លាក់ចុះ​ប្រចាំឆ្នាំ ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ឆ្នាំ១៧០៩ មក។

ប្រទេស​អង់គ្លេស បាន​ធ្លាក់ចុះ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត ក្នុងចំណោម​សេដ្ឋកិច្ចធំៗកាលពី​ឆ្នាំមុន។ ជា​ឧទាហរណ៍ ប្រទេស​អាល្លឺម៉ង់ បាន​ធ្លាក់ចុះ​សេដ្ឋកិច្ច​ស្រាល​ជាង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។ ការប៉ាន់ប្រមាណ​បណ្ដោះអាសន្ន​បង្ហាញថា អាល្លឺម៉ង់ ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អឺរ៉ុប បាន​ធ្លាក់ចុះ​សេដ្ឋកិច្ច៥% កាលពី​ឆ្នាំមុន។

ទន្ទឹមនេះដែរ យោងតាម​ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប Eurostat បង្ហាញថា តាម​ការរំពឹងទុក GDP របស់​សហភាព​អឺរ៉ុប អាច​នឹង​ធ្លាក់ចុះ៦,៤% ។

បើ​ធ្វើការ​ប្រៀបធៀប​គ្នា​ឃើញថា ស្ថានភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក រឹតតែ​ល្អប្រសើរ​ជាង​ឆ្ងាយ ដោយ GDP របស់​មហាអំណាច​ពិភពលោក​មួយ​នេះ បាន​ធ្លាក់ចុះ​ត្រឹម ៣,៥% ធៀប​នឹង​ឆ្នាំ២០១៩ ។

លោក Rishi Sunak រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​អង់គ្លេស បានចេញ​សេចក្ដីថ្លែងការណ៍​ថា “តួលេខ​ថ្ងៃនេះ​បង្ហាញថា សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យ​តក់ស្លុត ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដែល​ប្រទេស​នានា​ទូទាំង​ពិភពលោក​សុទ្ធតែ​រង​ផលប៉ះពាល់” ។

លោក​បន្ថែមទៀតថា “ខណៈ​មាន​សញ្ញា​វិជ្ជមាន​ខ្លះ នៃ​ភាព​ធន់​ទ្រាំ​របស់​សេដ្ឋកិច្ច​ក្នុង​រដូវរងា យើង​ដឹងថា​បម្រាម​មិនឱ្យ​ពលរដ្ឋ​ចេញពីផ្ទះ នាពេល​បច្ចុប្បន្ន​នឹង​បន្ត​ជះ​ផលប៉ះពាល់​ខ្លាំង​លើ​ពលរដ្ឋ និង​អាជីវកម្ម​យ៉ាងច្រើន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here