សហភាព​អឺរ៉ុប​បង្ហាញ​ជំហរ​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋការ​លោក​ចូ បៃ​ឌិន​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម

ដោយៈ សុខុម

វ៉ាស៊ីនតោន: សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១១ ខែកុម្ភៈ បានទទួល​ស្គាល់​ចំណាត់ការ​របស់​រដ្ឋកា​រ​ថ្មី​របស់លោក​ចូ បៃ​ឌិន នៅក្នុង​ការមិន​ដាក់​ពន្ធ​បន្ថែម​លើ​ទំនិញ របស់​សហភាព​អឺរ៉ុប ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជុំវិញ​ពន្ធ​យន្តហោះ ហើយ​បានបង្ហាញ​ជំហរ​ថា ខ្លួន​ត្រៀម​រួចជាស្រេច ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល ការិយាល័យ​តំណាង​ពា​ណិ​ញ្ជ​កម្ម​សហរដ្ឋអាមេរិក (United States Trade Representative) បាន​លើកឡើងថា ខ្លួន​បាន​យល់ស្រប​នឹង​ឧស្សាហកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ថា ពេលនេះ​មិនទាន់​ចាំបាច់ ដែល​ត្រូវ​កែប្រែ​ព័ន្ធ​បច្ចុប្បន្ន​លើ​ទំនិញ​របស់​សហភាព​ស​អឺរ៉ុប​ឡើយ ព្រោះ​កំពុងស្ថិត​ក្នុងដំណាក់កាល ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ។

ចំណាត់ការ​នេះ​ធ្វើឡើង​មួយថ្ងៃ ក្រោយពី​តំណាង​ពា​ណិ​ញ្ជ​កម្ម​សហរដ្ឋអាមេរិក និយាយថា ខ្លួន​កំពុង​សម្លឹង​រក​ឱកាស ធ្វើការ​ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​អឺរ៉ុប ដើម្បី​ដោះស្រាយ​ជម្លោះ​អូសបន្លាយ​អស់​រយៈពេល១៦ឆ្នាំ ជុំវិញ​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus របស់​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន​ជា​គូប្រជែង Boeing របស់​សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេល​សាកសួរ​អំពី​សេចក្ដីសម្រេច​ខាងលើនេះ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ឆ្លើយតប​ថា “សហភាព​អឺរ៉ុប ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ចរចា​ជាមួយ​រដ្ឋការ​ថ្មី​របស់​សហរដ្ឋអាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​បៀ​ប​វារៈ​សហភាព​អឺរ៉ុប -សហរដ្ឋអាមេរិក​សម្រាប់​ការប្រែប្រួល​ជាស​កល ដែល​យើង​បានអនុម័ត​កាលពី​ថ្ងៃទី២ ធ្នូ។ គោលបំណង​របស់​យើង គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​នានា ដែល​កំពុង​កើតមាន រួមទាំង​ជម្លោះ​ជុំវិញ​ក្រុមហ៊ុន Airbus និង Boeing ផងដែរ” ។

សម្ព័ន្ធ​ពាណិជ្ជកម្ម​អាមេរិក-អ៊ីតាលី American Italian Food Coalition ដែល​តំណាង​ក្រុមហ៊ុន​អ៊ីតាលី ជាង៤៥០បាន​និយាយថា ចំណាត់ការ​នេះ នឹង​ទុក​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​ភាគី​ទាំងពីរ ស្វែងរក​ដំណោះស្រាយ ដើម្បី​បញ្ចប់​ជម្លោះ។

ក្រុមមន្ត្រី​មកពី​សហភាព​អឺរ៉ុប និង​អង់គ្លេស ពិតជា​ចង់​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ​ប្រធានាធិបតី​លោក ចូ បៃ​ឌិន យ៉ាងខ្លាំង ប៉ុន្តែ​ការចរចា​ត្រូវបាន​ពន្យារពេល ខណៈ​រង់ចាំ​ការសម្រេច​ពី​ព្រឹទ្ធសភា លើ​ការជ្រើសរើស​របស់លោក ចូ បៃ​ឌិន ឱ្យ​លោកស្រី Katherine Tai ធ្វើជា​ប្រធាន​ក្រុម​ចរចា។ ការរង់ចាំ​នេះ​ប្រហែលជា​ត្រូវការ​ពេលវេលា​ប៉ុន្មាន​សប្ដាហ៍។

កាលពី​ថ្ងៃ​ច័ន្ទ ទី៨ កុម្ភៈ ប្រេសិត​ពិសេស​មកពី​ប្រទេស​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​សង្កត់ធ្ងន់ ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន នៅក្នុង​ការដោះស្រាយ​ជម្លោះ​ជុំវិញ​ការឧបត្ថម្ភ​ធន ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ។

លោក Stavros Lambrinidis ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​គូសបញ្ជាក់ថា ក្រុង​ពុ​ច​សែ​ល បានស្នើ​ឱ្យ​ភាគី​ទាំងពីរ ផ្អាក​ការយកពន្ធ​រយៈពេល៦ខែ​សិន ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​នៅក្នុង​ការចរចា។

ទន្ទឹមនេះ ប្រទេស​អង់គ្លេស ដែល​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ទៅហើយនោះ​បានលើកឡើង​ថា ខ្លួន​ក៏មាន​បំណង​លើក​ពេល​យកពន្ធ​ដែរ ដែល​ប្រហែល​ធ្វើ​ឡើងជា​ឯកតោភាគី (ភាគី​តែ​ម្ខាង) ដើម្បី​បង្ហាញ​នូវ​កាយវិការ​សុច្ឆន្ទៈ​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here