លោក ចូ បៃឌិន គាំទ្រការកំណត់យ៉ាងតឹងរ៉ឹងលើប្រាក់ចំណូលសម្រាប់អ្នកទទួលបានប្រាក់ឧបត្ថម្ភកូវីដ១៩

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី៩ កុម្ភៈ ថា លោកគាំទ្រសំណើរបស់ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលសុំឱ្យកំណត់យ៉ាងតឹងរ៉ឹងលើប្រាក់ចំណូលសម្រាប់អ្នកដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភកូវីដ-១៩ ឬក៏ឈប់ផ្ដល់ឱ្យតែម្ដងសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១០ កុម្ភៈ ឱ្យដឹងថា ពេលត្រូវគេសាកសួរអំឡុងជំនួបជាមួយក្រុមថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗថា តើលោកគាំទ្រសំណើរបស់ក្រុមសមាជិកសភាមកពីគណបក្សប្រធាធិបតេយ្យដែលនឹងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភ ១.៤០០ ដុល្លារដល់ពលរដ្ឋអាមេរិក ដែលមានប្រាក់ចំណូលផ្ទាល់ខ្លួនដល់ទៅ៧៥.០០០ដុល្លារ និងប្រាក់ចំណូលគ្រួសារដល់ទៅ១៥០.០០០ដុល្លារ ឬយ៉ាងណា លោក ចូ បៃឌិន បានឆ្លើយតបថា “គាំទ្រ”។

លោកបានថែមទាំងបានលើកឡើងថា លោកមានអារម្មណ៍តានតឹងជាមួយក្រុមថ្នាក់ដឹកនាំមកពីគណបក្សសាធារណរដ្ឋ ជុំវិញសេចក្ដីព្រាងទម្លាក់កញ្ចប់ថវិកាសង្គ្រោះកូវីដ ចំនួន១,៩ទ្រីលានដុល្លាររបស់លោក។ លោកគូសបញ្ជាក់ថា “ខ្ញុំយល់ថា យើងកំពុងស្ថិតក្នុងដំណាក់កាល… ធ្វើផែនការដើម្បីតម្កល់ប្រយោជន៍ធំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ លោកមានបំណងពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដារសេដ្ឋកិច្ច ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់ឈ្នួលអប្បបរមាជាមួយក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន JPMorgan Chase ក្រុមហ៊ុន Walmart ក្រុមហ៊ុន Gap Inc និងក្រុមហ៊ុន Lowe’s Companies, Inc ជាដើម។ លោកបញ្ជាក់ថា លោកពិតជាចង់បានប្រតិកម្មពីក្រុមថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងនេះចំពោះដំណោះស្រាយរបស់រដ្ឋាភិបាលលោក និង “ដើម្បីមើលថា តើយើងមានគំនិតស្របគ្នាខ្លះឬយ៉ាងណា”។

ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានលើកសំណើ សុំឱ្យឈប់ផ្ដល់ប្រាក់ឧបត្ថម្ភកូវីដ សម្រាប់អ្នកដែលមានចំណូលផ្ទាល់ខ្លួនដល់ទៅជាង ១០០.០០០ ដុល្លារ និងប្រាក់ចំណូលប្ដីប្រពន្ធចូលគ្នាដល់ទៅ ២០០.០០០ ដុល្លារ។ ហើយជាលទ្ធផល លោក ចូ បៃឌិន បានគាំទ្រសំណើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here