ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទំហំប្រាក់ជិត៧០០០លានដុល្លារ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ការិយាល័យពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថាទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសហរដ្ឋអាមេរិកមានតម្លៃប្រមាណ៦ ៩២១៣លានដុល្លារក្នុងឆ្នាំ២០២០ កើន១៧.៨៩ភាគរយ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩។

យោងតាមទិន្ន័យដែលបានចេញផ្សាយនៅកាលចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា ទំនិញកម្ពុជាដែលបាននាំចេញទៅទីផ្សារសហរដ្ឋអាមេរិកចាប់ពីមករា ដល់ខែធ្នូ ឆ្នាំ២០២០ មានចំនួន៦៥ ៧៧៧លានដុល្លារ កើនឡើង២២.៧៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចូលទំនិញពីសហរដ្ឋអាមេរិករបស់កម្ពុជាមានទឹកប្រាក់ ៣៤៣.៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់៥១៤លានដុល្លារ។

ទំនិញកម្ពុជានាំទៅទីផ្សារសហរដ្ឋអាមេរិកភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងផ្គុំអគ្គិសនី។ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាមានរថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួនទៀត។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីថ្មីៗនេះ នៅឆ្នាំ២០២០ ការនំាចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ក្តី ហើយសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាស្របពេលទីផ្សារសហភាពអឺរ៉ុបបានធ្លាក់មកនៅលេខរៀងទី២វិញ។

លោកបញ្ជាក់ថា ការអូសបន្លាយនៃការស្នើសុំបន្តអនុគ្រោះពន្ធទាំងស្រុងក្រោមប្រព័ន្ធ GSP សម្រាប់ផលិតផលការបូបធ្វើដំណើរទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយសារតែការផ្លាស់ប្តូររដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលទើបធ្វើឡើងថ្មីៗនេះ។

លោកបន្តថា ចំពោះគម្រោងស្នើសុំបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធនេះ គឺមានភាគរយខ្ពស់ក្នុងការទទួលបានសាជាថ្មីឡើងវិញ។ ប៉ុន្តែលោកថា ទោះបីមិនមានប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក នៅតែមានកំណើនខ្ពស់ដែរ ព្រោះថា ការអនុគ្រោះនេះ គឺសម្រាប់តែផលិតផលកាបូបធ្វើដំណើរតែប៉ុណ្ណោះ ចំណែកផលិតផលផ្សេងទៀតនៅតែទទួលបានការអនុគ្រោះពន្ធក្រោមប្រព័ន្ធ MSN ដដែល។

លោកបានថ្លែងថា “ប្រសិនបើសហរដ្ឋអាមេរិក មិនបន្តផ្តល់ការអនុគ្រោះពន្ធទាំងស្រុងក្រោមប្រព័ន្ធ GSP សាជាថ្មីទេ គឺមិនមែនតែកម្ពុជាទេ ដែលមិនបានគឺប្រទេសជាង៩០ផ្សេងទៀត ក៏មិនបានដូចគ្នា ដូច្នេះវាមិនបារម្ភសម្រាប់ការប្រកួតប្រជែងនោះទេ ដែលមានន័យថា ផលិតផលត្រូវបង់ពន្ធទាំងអស់គ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here