World Vision និង​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក​មួយ​សហការ​ក្នុងការ​ផ្ដល់​កម្ចី​ដល់​ច្រ​វ៉ា​ក់​ផលិតកម្ម វារីវប្បកម្ម​នៅ​កម្ពុជា

ដោយៈ​លក្ខិណា

ភ្នំពេញ ៖ អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ជាមួយ មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នង​ការទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​វារីវប្បកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៨កុម្ភៈ​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​រាជធានី​ភ្នំពេញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម រវាង​ស្ថាប័ន​ទាំងនេះ​បានឱ្យដឹងថា គោលដៅ​ចម្បង នៃ​ភាពជា​ដៃគូ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​នៃ​គម្រោង អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព ពាណិជ្ជកម្ម​នៅ​កម្ពុជា ហៅ​កាត់​ថា (ខាស់ ) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ គឺ​ផ្តល់ជូន​អ្នកទទួលផល​ពី​គម្រោង ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ងាយស្រួល​ក្នុង​វិស័យ​វារីវប្បកម្ម។

ជាបឋម​វា​ពង្រឹង​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ហិរញ្ញវត្ថុ សម្រាប់​កំណើន​អាជីវកម្ម ហើយ​សកម្មភាព​នេះ​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ប្រព័ន្ធ ដោយ​ជួយ​ដល់​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ក្នុងស្រុក ឱ្យ​យល់​កាន់តែច្បាស់​អំពី​ហានិភ័យ និង​ឱកាស ដែល​ទាក់ទង​នឹង​វារីវប្បកម្ម​ព្រមទាំង​ជំនះ​ឧបសគ្គ ដែល​រារាំង​ការផ្តល់​ប្រាក់កម្ចី​កាន់តែច្រើន​ដល់​វិស័យនេះ។

លោក​ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​សាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​បាន​មានប្រសាសន៍ថា ដើម្បី​លើកកម្ពស់ វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា អេ អឹម ខេ បាន​បង្កើត​ភាពជា​ដៃគូ ជាមួយ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព ពាណិជ្ជកម្ម​នៅ​កម្ពុជា(ខាស់) របស់ អង្គការ​ទស្សនៈ​ពិភពលោក ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​តួអង្គនីមួយៗ ដែលជា​ម្ចាស់​អាជីវករ​ក្នុង​វិស័យ​វារីវប្បកម្ម ទទួលបាន​ទុន​បន្ថែម យកទៅ​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់។

លោក​ថា “យើង​មើលឃើញថា ខាស់ គឺជា​គម្រោង​មួយ​របស់​អង្គការ ទស្សនៈ​ពិភពលោក ដែលមាន​បទពិសោធន៍ ជាពិសេស​បច្ចេកទេស ក្នុងការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​នាពេល​កន្លងមក” ។

លោក​ហួត សុខា​សង្ឃឹមថា ការបង្កើត​ភាពជា​ដៃគូ​នេះ នឹង​ជួយ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា ថែម​មួយកម្រិត​ទៀត និង​ជួយ​បង្កើន​ផលិក​ម្ម​ត្រី​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស។ ជា​លទ្ធផល វា​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here