សេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានបន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩

ដោយ៖ សាវុធ

ភ្នំពេញ៖ សេដ្ឋវិទូនៅកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នឹងមានសញ្ញាវិជ្ជមានជាងមុន នៅឆ្នាំនេះ បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខនេះ។

លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយកាលពីម្សិលម៉ិញថា សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានសញ្ញាវិជ្ជមានឡើងវិញ នៅឆ្នាំនេះ បន្ទាប់ពីកម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបានថ្លែងទៀតថា ការទទួលបានវ៉ាក់នេះ គឺអាចជួយរក្សាជីវិតមនុស្ស ដែលជាកត្តាសំខាន់បំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ទោះលោកបណ្ឌិត មិនទាន់អាចសន្និដ្ឋានបានថា សេដ្ឋកិច្ចកម្ពុជា នឹងមានការរីកចម្រើនកម្រិតណានោះទេ ក្នុងឆ្នាំ២០២១ ព្រោះថាជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមនៅជុំវិញពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរលើផេក Facebook ផ្លូវការរបស់សម្តេច កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា វ៉ាក់សាំង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

សម្តេចតេជោបានថ្លែងទៀតថា “ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត”។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ នឹងងើបឡើងវិញ ក្នុងរង្វង់៤ភាគរយ ដោយសារតែការខិតខំប្រឹងប្រែង និងការអន្ដរាគមន៍យ៉ាងខ្លាំងខ្លា របស់រដ្ឋាភិបាលកម្ពុជា។

លោក វង្សី វិស្សុត បានឱ្យដឹងថា “ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុងរង្វង់៤ភាគរយ ងើបគ្រប់វិស័យទាំងអស់។ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៤ភាគរយនេះ មិនមែនជាកំណើនអាក្រក់នោះទេ ជាកំណើនមួយដែលស្ទុះងើបពី-៣.១ភាគរយ ពីឆ្នាំ២០២០”៕

LEAVE A REPLY

Please enter your comment!
Please enter your name here