ប្រទេស​ឡាវ​គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ខ្នាត​យក្ស​ចំនួន២ ឆាប់ៗនេះ ដើម្បីលក់​អគ្គិសនី​មកឱ្យ​កម្ពុជា

ដោយៈ​សុខុម

វៀងចន្ទន៍: មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយរូប​បាន​ទម្លាយ​ឱ្យដឹងថា ការសាងសង់​រោងចក្រ​អគ្គិសនី​ខ្នាត​យក្ស​ចំនួន២ ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម នឹង​ចាប់ផ្ដើម​ដំណើរការ​ត្រឹម​ដំណាច់​ឆ្នាំនេះ នៅក្នុង​ខេត្ត​សេកុង (Xekong) ប្រទេស​ឡាវ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Star ចុះផ្សាយ​កាលពី​ថ្ងៃទី៥ កុម្ភៈ។

ក្រុមមន្ត្រី​ឡាវ​បាន​និយាយថា ក្រោយ​ការសាងសង់​បញ្ចប់​ជា​ស្ថាពរ រោងចក្រ​ទាំង ២ នេះ​នឹង​ចាប់ផ្ដើម​ផ្គត់ផ្គង់​អគ្គិសនី មកឱ្យ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៥ ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​មួយ ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល​ឡាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋលេខាធិកា​ក្រសួង​រ៉ែ និង​ថាមពល​ឡាវ លោក Daovong Phonekeo បានប្រកាសថា គម្រោង​រោងចក្រ​អគ្គិសនី​ទី១ ដែលមាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន ១.៨០០ មេ​ហ្គា​វ៉ា​ត់ នឹងត្រូវ​សាងសង់​នៅក្នុង​ស្រុក Kaleum ដោយ​ក្រុមហ៊ុន​ថៃ Phonesack Group Company Limited ។

លោក​បាន​ថ្លែងថា “ក្រុមហ៊ុន​នឹង​បោះទុន​វិនិយោគ​ប្រមាណ​ពី៣ ទៅ៤ពាន់​លាន​ដុល្លា​អាមេរិក លើ​រោងចក្រ​អគ្គិសនី​នេះ រួមទាំង​ការសាងសង់​បណ្ដាញ​បញ្ជូន​ថាមពល​អគ្គិសនី​ដើម្បី​បញ្ជូន​អគ្គិសនី​ទៅកាន់​ប្រទេស​កម្ពុជា​ផងដែរ” ។ លោក​បន្ថែមថា “បណ្ដាញ​បញ្ជូន​អគ្គិសនី​នេះ នឹងមាន​ប្រវែង២០០គីឡូម៉ែត្រ” ។

រោងចក្រ​អគ្គិសនី​ទី២ ដែលមាន​សមត្ថភាព​ផលិត​អគ្គិសនី បាន​រហូតដល់៧០០មេ​ហ្គា​វ៉ា​ត់ នឹងត្រូវ​សាងសង់​ក្រុង​ស្រុក Lamam ដោយ​ក្រុមហ៊ុន​ចិន មួយ​ដែលមាន​គម្រោង​បោះទុន​វិនិយោគ​ជាង ១ពាន់​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​នេះ។

លោក Daovong Phonekeo បាន​លើកឡើងថា ផ្អែក​តាម​កិច្ចព្រមព្រៀង ក្រុមហ៊ុន​ចិន ត្រូវ​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន ៦០០មេ​ហ្គា​វ៉ា​ត់ មកដល់​ប្រទេស​កម្ពុជា។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ចង់​ធានា​និរន្តរភាព នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​អ្នកទិញ ដូច្នេះ​ហើយក៏​សម្រេចចិត្ត​បង្កើន​សមត្ថភាព​ផលិត​ដល់ ៧០០មេ​ហ្គា​វ៉ា​ត់។

ក្រុមហ៊ុន​ចិន នឹងមិន​សាងសង់​បណ្ដាញ​បញ្ជូន​អគ្គិសនី​នេះ ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​នឹង​ចាប់​ដៃគូ សហការ​ជាមួយ​អគ្គិសនី​ឡាវ (EDL) នៅក្នុង​ការផ្គត់ផ្គង់​អគ្គិសនី​មកដល់​ប្រទេស​កម្ពុជា។

លោក​បាន​គូសបញ្ជាក់ថា “ប្រទេស​កម្ពុជា នឹង​ទិញ​អគ្គិសនី​ពី​រោងចក្រ​របស់​យើង​ក្នុងតម្លៃ ៧,៣សេន​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង (kWh)” ។

ប្រទេស​ឡាវ មានបំណង​បង្កើន​ការផ្គត់ផ្គង់​អគ្គិ​ស នី​មកឱ្យ​ប្រទេស​កម្ពុជា ព្រោះ​បណ្ដាញ​បញ្ជូន​អគ្គិសនី ដែលមាន​ស្រាប់​មាន​សមត្ថភាព អាច​បញ្ជូន​អគ្គិសនី​បាន​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here