ដោយ៖ សុខុម
ហ្សាការតា: ទិន្នន័យផ្លូវការបានបង្ហាញនៅពីថ្ងៃទី៥ ខែកុម្ភៈនេះថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះ ២,០៧ភាគរយ ក្នុងឆ្នាំ២០២០ ដែលការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩៨ មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
នៅក្នុងស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters ក្រុមសេដ្ឋវិទូបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាសមាជិកមួយនៃតំបន់អាស៊ាន នឹងធ្លាក់ចុះ២ភាគរយ ក្នុងឆ្នាំ២០២០ ក្រោយពីទទួលបានកំណើន៥,០២ភាគរយ ក្នុងឆ្នាំ២០១៩។
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ដែលប្រជាជនភាគច្រើនលើសលប់ជាអ្នកកាន់សាសនាអ៊ីស្លាម បានធ្លាក់ចុះ២,១៩ភាគរយ ឆ្នាំធៀបនឹងឆ្នាំ២០១៩ ខ្ពស់ជាងការព្យាករតិចតួច។
នៅក្នុងការស្ទង់មតិដដែល ក្រុមសេដ្ឋវិទូបានព្យាករថា សេដ្ឋកិច្ចប្រទេសនេះនឹងធ្លាក់ចុះ២ភាគរយ ក្រោយពីបានធ្លាក់ចុះ៣,៤៩ភាគរយ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩។ ឈរលើមូលដ្ឋានដែលតួលេខមានការកែប្រែទៅតាមត្រីមាស ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ០,៤២ភាគរយ ក្រោយពីទទួលបានកំណើន ៥,០៥ភាគរយ ក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០។
យោងតាមគេហទំព័រផ្លូវការរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ នេះ ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនសរុបជាង២៧០លាននាក់ ដែលជាប់ឈ្មោះជាប្រទេសមានប្រជាជនច្រើនបំផុតទី៤ ក្នុងពិភពលោក ហើយយោងតាមគេហទំព័រ Trading Economics បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងប្រទេសនេះគឺ៤.៤៥០,៧០ដុល្លារ ក្នុងមួយឆ្នាំ៕