ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជា និងជប៉ុន នឹងបើកកិច្ចប្រជុំលើកទី២១ ស្តីពី “ក្របខណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ” នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជំរុញការវិនិយោគជប៉ុន និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
កិច្ចប្រជុំនេះ នឹងដឹកនាំដោយលោកសុខ ចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងលោកម៉ាសាហ៊ីរ៉ូ មីទាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។
កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំអ្នកវិនិយោគដែលបានផ្តល់ឱកាសឱ្យអ្នកវិនិយោគ ជប៉ុនលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និងសំណូមពរជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និង រកដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។
លោកហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ កិច្ចប្រជុំនេះ គឺជាគោលការណ៍សំខាន់ ដែលជប៉ុនចង់បាន។ ជាមធម្មតា វិនិយោគិនជប៉ុន ទាមទារនៅលក្ខខណ្ឌចំនួនមួយ ក្នុងទី១ គឺតម្លាភាព និងទី២គឺភាពច្បាសលាស់លើច្បាប់វិនិយោគផ្សេងៗ ហើយទាំងនេះគឺអ្វីដែលវិនិយោគិនជប៉ុនចង់បាន។
លោកបានថ្លែងទៀតថា បើសិនជាកម្ពុជាធ្វើបានទៅលើចំណុចទាំងនេះ យើងសង្ឃឹមថា ការវិនិយោគរបស់ជប៉ុន នឹងមានការកើនឡើងបន្ថែមនៅកម្ពុជា និងការកាន់ប្រសើរឡើងលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន។
លោកបានបន្តទៀតថា ជាពិសេស ច្បាប់វិនិយោគថ្មី ដែលគ្រោងចេញនៅខែមេសា ខាងមុខនេះ និងអមជាមួយនឹងតុលាការពាណិជ្ជកម្ម ត្រូវជំរុញឱ្យមានដំណើរការរលូន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិនិយោគបរទេស ជាពិសេសភាគីជប៉ុន ដែលជាដៃគូល្អ ជាមួយកម្ពុជា។
លោកបានឱ្យដឹងទៀតថា នៅពេលវិនិយោគិនជប៉ុនកើនឡើងនៅកម្ពុជា វាអាចបង្កើតជាអត្តសញ្ញាណមួយល្អ សម្រាប់វិនិយោគបរទេសដទៃទៀត មានទំនុកចិត្ត ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ព្រោះប្រជាជនលើពិភពលោកគេទទួលស្គាល់ហើយថា នៅពេលវិនិយោគិនជប៉ុនវិនិយោគក្នុងប្រទេសណាមួយ នោះជាសញ្ញាណមួយក្នុងការទាក់ទាញវិនិយោគិនបរទេសដទៃទៀត។
ក្របខណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការ ការពារវិនិយោគ ត្រូវបាន ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកខុត្ដម ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយ គិតចាប់ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០ វិនិយោគិនជប៉ុន បានបោះទុនវិនិយោគជាង ២៧៩២លានដុល្លារនៅកម្ពុជា ដោយបានចូលរួមចំណែកយ៉ាង ក្នុងការបង្កើតការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕