អាជីវកម្មរបស់សិង្ហបុរីនៅមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីមានការរំខានពីការធ្វើរដ្ឋប្រហារ

ដោយ៖ សាវុធ

សិង្ហបុរី៖ ប្រតិបត្តិការភាគច្រើន របស់អាជីវកម្មសិង្ហបុរី នៅមីយ៉ាន់ម៉ាបានចាប់ផ្តើមឡើងវិញ ដោយសារការរំខានបណ្តោះកាលពីដើមសប្តាហ៍នេះ ដែលបង្កដោយការធ្វើរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ប៉ុន្តែអ្នកពាក់ព័ន្ធជាច្រើនបានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីទស្សនវិស័យរបស់ពួកគេ សម្រាប់រយៈពេលវែង ដោយលើកឡើងពីភាពមិនប្រាកដប្រជា ចំពោះស្ថានភាពដែលកំពុងមានការវិវត្ត និងនយោបាយ ហើយពួកគេកំពុងតាមដានការវិវត្តនៅប្រទេសនេះយ៉ាងដិតដល់។

សហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) បានប្រាប់សារព័ត៌មាន CNA ថា ខ្លួនបានទាក់ទងទៅក្រុមហ៊ុនសិង្ហបុរី ដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Lam Yi Young នាយកប្រតិបត្តិសហព័ន្ធធុរកិច្ចសិង្ហបុរី បានឆ្លើយតបតាមអ៊ីមែលថា៖ «ស្ថានការណ៍នៅមីយ៉ាន់ម៉ាមានលក្ខណៈប្រែប្រួល ហើយសហព័ន្ធធុរកិច្ចសិង្ហបុរី នៅតែធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនសិង្ហបុរី ដែលមានប្រតិបត្តិការអាជីវកម្មនៅមីយ៉ាន់”។
លោកបានថ្លែងបន្តថា “ក្រុមហ៊ុន ដែលយើងបានទាក់ទង បានលើកឡើងថា ពួកគេកំពុងតាមដានស្ថានការណ៍ ដើម្បីមើលថាតើវាវិវឌ្ឍយ៉ាងដូចម្តេច”។

យោធាប្រទេសមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីព្រឹកថ្ងៃច័ន្ទ (ទី១ ខែកុម្ភៈ) ក្នុងការធ្វើរដ្ឋប្រហារ ប្រឆាំងនឹងរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួន រួមជាមួយមេដឹកនាំដទៃទៀត នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)។

យោធា ដែលបានប្រកាសប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា ខ្លួនបានអនុវត្តការឃុំឃាំងដើម្បីឆ្លើយតបទៅនឹង “ការលួចបន្លំសន្លឹកឆ្នោត” នៅក្នុងការបោះឆ្នោតទូទៅ ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន ដែលគណបក្ស NLD បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នៅយប់ថ្ងៃពុធនេះបានឱ្យដឹងថា ប៉ូលីសមីយ៉ាន់ម៉ា បានដាក់ពាក្យប្តឹងលោកស្រីអ៊ុងសាន ស៊ូជី ពីបទនាំចូលឧបករណ៍គមនាគមន៍ខុសច្បាប់ ហើយលោកស្រីនឹងត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here