ដោយ៖ សាវុធ
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគសរុបចំនួន២៣៨ ដែលមានទុនវិនិយោគសរុបជាង៨.២៥០លានដុល្លារ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន៣១៥គម្រោងដែលមានទុនវិនិយោគ៩.៣៩៧លានដុល្លារ។ នេះបើយោងតាមការរបាយការណ៍របស់ CDC។
ទោះបីចំនួនគម្រោង និងទុនវិនិយោគមានការធ្លាក់ចុះក៏ដោយ ក៏អត្រានៃការទទួលបានគម្រោង និងទុនវិនិយោគស្ថិតក្នុងកម្រិតល្អមួយ ក្នុងបរិបទវិបត្តិកូវីដ១៩ ដែលបានធ្វើឲ្យការវិនិយោគ នៅលើពិភពលោកធ្លាក់ចុះរហូតដល់៤២ភាគរយ និងតំបន់អាស៊ានធ្លាក់ចុះ៣១ភាគរយ។
លោកសុខ ចិន្ដាសោភារដ្ឋមន្រ្ដីប្រតិភូនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការ CDC បានថ្លែងក្នុងកិច្ចសម្ភាសកម្មវិធីមួយជាមួយនឹងសារព័ត៌មានក្នុងស្រុកថា “ថ្មីៗនេះសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ បានផ្សព្វផ្សាយរបាយការណ៍មួយ ពាក់ព័ន្ធនឹងសកម្មភាពវិនិយោគ លើសាកលលោក នៅគ្រប់តំបន់ និងគ្រប់ប្រទេសថា លើសាកលលោកជាមធ្យមការវិនិយោគថយចុះ៤២ភាគរយ ចំណែកឯតំបន់ក្នុងអាស៊ានធ្លាក់ចុះ៣១ភាគរយ។ ចំណែកឯការវិនិយោគនៅកម្ពុជា ថយចុះតែ១២ភាគរយប៉ុណ្ណោះ”។
លោកបានបន្ថែមថា នៅពេលមានការធ្លាក់ចុះការវិនិយោគ នៅក្នុងប្រទេសណាមួយ ជាស្វ័យប្រវត្តិនឹងមានការថយចុះនៅចំនួនការងារ។ នៅកម្ពុជាមានការថយចុះ, មានការបាត់បង់ការងារ ប៉ុន្ដែមិនធ្ងន់ធ្ងរដូចនៅប្រទេសមួយចំនួនឡើយ។
លោកបានបន្ដថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិតជារីករាយណាព្រោះឃើញ ពីពន្លកនៃពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច មានន័យថា ក្រៅពីការកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូបក្នុងឆ្នាំ២០២០ ក្នុងនោះក៏មានគម្រោងកសិឧស្សាហកម្ម ក្នុងវិស័យកែច្នៃម្ហូបអាហារ។
កាលពី២ឆ្នាំមុនវិស័យនេះ អាចត្រឹមមានតែមួយប៉ុណ្ណោះ ដែលធ្វើដំណាប់ផ្លែឈើ ប៉ុន្ដែក្នុងឆ្នាំនេះគម្រោងកែច្នៃផ្លែស្វាយ និងផ្លែឈើហូបផ្លែដទៃទៀត មានមិនក្រោម១៥គម្រោងឡើយ ក្នុងនោះក៏មានគម្រោងផលិតគ្រឿងបង្គុំភ្លើង មានទាំងនៅក្នុងទីក្រុងភ្នំពេញ មាននៅក្នុងក្រុងព្រះសីហនុ មានក្នុងក្រុងបាវិត ស្វាយរៀង ក្រៅពីនេះក៏មានគម្រោងផលិតទុយោទឹក និងគម្រោងផ្សេងៗជាច្រើនទៀតផងដែរ ដែលកម្ពុជាធ្លាប់តែនាំចូល ប៉ុន្តែពេលនេះផលិតដោយខ្លួនឯង។
លោករដ្ឋមន្ត្រីបន្តថា ការទទួលបានផ្លែផ្កាទាំងនេះ មានគម្រោងវិនិយោគនៅកម្ពុជាធ្លាក់ចុះត្រឹមតែ១២ភាគរយ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺកើតឡើងដោយសារតែកម្ពុជា មានប្រមុខរាជរដ្ឋាភិបាលជាថ្នាក់ដឹកនាំដ៏ពូកែ និងខ្លាំងក្លា ដែលតែងតែចូលរួមខិតខំប្រឹងប្រែង និងរួមចំណែកស្ដារសេដ្ឋកិច្ចកម្ពុជា។
លោកបានថ្លែងទៀតថា ជាក់ស្ដែងកម្ពុជាមានសំណាងមែនទែន ព្រោះមិនមានការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ សំណាងនេះមិនកើតឡើងដោយឯកឯងនោះឡើយ គឺបានមកពីរាជរដ្ឋាភិបាលមានវិធានការ តាមរយៈក្រសួងសុខាភិបាល តាមរយៈអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់បញ្ចៀសឲ្យបាននូវជំងឺកូវីដ១៩ ក្នុងសហគមន៍។
លោកបន្ដថា លើពិភពលោកបានវាយតម្លៃថា រាជរដ្ឋាភិបាលកម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ប្រសិនបើកម្ពុជាផ្ទុះឡើងនៃការរីករាលដាល នៃជំងឺកូវីដ១៩ក្នុងសហគមន៍ កំណើននៃការវិនិយោគមានការថយចុះយ៉ាងធ្ងន់ធ្ងរ។
ក្នុងគម្រោងវិនិយោគចំនួន២៣៨ ដែលបានវិនិយោគនៅកម្ពុជា ឆ្នាំ២០២០ មានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម១៣គម្រោង ទុនវិនិយោគ១៤៧លានដុល្លារ វិស័យឧស្សាហកម្មនិងកម្មន្ដសាល២០៧គម្រោង ទឹកប្រាក់១.៤៧០លានដុល្លារ វិស័យទេសចរណ៍៧គម្រោងទឹកប្រាក់វិនិយោគ៣.៨៦០លានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ១១គម្រោងទឹកប្រាក់វិនិយោគ២.៧៧២លានដុល្លារ។
រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២០ នៅតែជាគោលដៅវិនិយោគធំជាងគេ ដោយទទួលបាន៣១ភាគរយ នៃគម្រោងវិនិយោគសរុប ខណៈខេត្តកំពង់ស្ពឺ ហក់មកលំដាប់ទី២ ទទួលបាន២០ភាគរយ និងខេត្តកណ្ដាលទទួលបាន១១ភាគរយ។ ដោយឡែកខេត្តព្រះសីហនុ និងខេត្តស្វាយរៀង បានទទួលគម្រោងវិនិយោគ ឈរលើលេខរៀងទី៤ មានចំនួន១០ភាគរយ និងទី៥ មានចំនួន៨ភាគរយ ដោយសារការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕