ភ្នំពេញៈ វិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងភាពនឹងនរវិញដោយសារសភាពការណ៍នៃជំងឺ Covid-19 មានភាពធូរស្បើយច្រើន។ ក្រុមហ៊ុនអចលនទ្រព្យដីធ្លីក៏មានការរីកដុះដាលច្រើន ស្ទើរគ្រប់ទីកន្លែងមិនថានៅក្នុងក្រុង ឬនៅតាមបណ្តារខេត្តនោះទេ។ យ៉ាងណាមិញអ្នកជំនាញបានលើកឡើងថា ការទិញដីធ្លីនៅតំបន់ជាយក្រុងភ្នំពេញល្អប្រសើរជាជាងការទិញដីធ្លីនៅតាមបណ្តារខេត្ត។
លោក អុិន ណាង អ្នកជំនាញដីធ្លី និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate បានថ្លែងប្រាប់គេហទំព័រ Property Area Asia ថា ការទិញដីនៅតាមតំបន់ជាយក្រុងជាជម្រើសល្អ ទោះបីជាមិនបាននៅចំកណ្តាលក្រុងក៏ដោយ។
លោកបន្តថា “បើសិនជាមានឱកាសហើយ អាចជ្រើសរើសការទិញដីនៅតំបន់ជាយក្រុងភ្នំពេញប្រសើរជាង ដោយសារតែការទិញដីធ្លី នៅតាមបណ្តាខេត្តអាចមិនសូវចំនេញ និងកប់។ ករណីដែលមានបញ្ហាបន្ទាន់ក្តី ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺដីធ្លីនៅតំបន់ជាយក្រុងនៅតែអាចលក់បាន នៅតែមានអ្នកទិញដែរ” ។
អ្នកជំនាញរូបនេះបញ្ជាក់ថា ធម្មតានៅតាមខេត្តចរាចរណ៍ មិនសូវជាអ៊ូអរដូចនៅជាយក្រុងទេ ម្យ៉ាងតម្រូវការច្រើនតែមាននៅជាយក្រុងជាង ហើយមិនខ្វះអ្នកទិញ មិនខ្វះអ្នកចង់បានទេ។ តម្រូវការដីនៅជាយក្រុងមានជម្រើសបាន ដូចជាការសាងសង់លំនៅ ដ្ឋានបានងាយស្រួល ក្នុងការចេញមកប្រកបការងារក្នុងក្រុងបានស្រួល។ ជាក់ស្តែងដីនៅតាមបណ្តារខេត្តមិនសូវមានអ្នកចាប់អារម្មណ៍ទេ។ លុះត្រាតែខេត្តនោះមានគម្រោងអភិវឌ្ឍខ្លាំង។
លោកបន្តថា “នេះមិនមែនមានន័យថាដីនៅខេត្តមិនល្អទេ វាល្អគ្រាន់តែត្រូវចំណាយពេលយូរនិងទទួលបានផលចំណេញតិចជាងជាយក្រុង។លោកបន្ថែមថា “តាមពិតដីធ្លីនៅតំបន់ណាក៏ល្អដែរ តែសម្រាប់តំបន់ដែលមានចរាចរណ៍ទិញលក់ច្រើន គឺនៅឆៀងខាងលិចក្រុងភ្នំពេញ” ។
អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីថា ជាទូទៅតម្លៃអចលនទ្រព្យនៅជាយក្រុងមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។ ម្យ៉ាង អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍កន្លងមកថា តំបន់ជាយក្រុងកំពុងតែមានសក្ដានុពលនៅពេលបច្ចុប្បន្ន និងនៅបន្តទៅថ្ងៃអនាគត គឺស្ថិតនៅទិសទាំង៤ព័ទ្ធជុំវិញរាជធានីភ្នំពេញ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ៕