ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​កើនឡើង​ដល់​ជិត ៦០ពាន់​លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ មាន​កំណើន​ដល់២៤០,៨ទ្រី​លាន​រៀល ស្មើនឹង៥៩,៤ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២០ កើនឡើង១៥,៧ភាគរយ ក្នុងនោះ​ឥណទាន​អតិថិជន បាន​កើន​ដល់៣៧,៣ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង១៤,៨ភាគរយ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។

ប្រាក់​បញ្ញើ​អតិថិជន​មាន​កំណើន១៥,៤ភាគរយ (ដល់១៣៦,៩ទ្រី​លាន​រៀល ស្មើនឹង៣៣,៨ពាន់​លាន​ដុល្លារ​អាមេរិក) និង​ដើមទុន​មាន​កំណើន១០,៤ភាគរយ (ដល់២៥,៧ ទ្រី​លាន​រៀល ស្មើនឹង៦,៣ពាន់​លាន​ដុល្លារ​អាមេរិក)។ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​បន្ត​លើកកម្ពស់ បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដោយ​ចំនួន​គណនី​ប្រាក់​បញ្ញើ​អតិថិជន​កើន​ដល់៨,៩លាន​គណនី និង​គណនី ឥណទាន​អតិថិជន​កើន​ដល់៣,២លាន​គណនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម NBC បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​ម៉ឺងម៉ាត់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទប់ស្កាត់ ការឆ្លង​និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩យ៉ាង​មាន​ប្រសិទ្ធភាព។ ទន្ទឹមនឹង​ការគ្រប់គ្រង​បានល្អ លើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ជំនឿ​ទុកចិត្ត​មកលើ​សេដ្ឋកិច្ចកម្ពុជា ក៏ត្រូវ​បាន​គាំទ្រ​ផងដែរ​ដោយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

គោលនយោបាយ​រូបិយវត្ថុ ត្រូវបាន​អនុវត្ត​ដោយមាន​ភាពបត់បែន ដើម្បី​រួមចំណែក​គ្រប់គ្រង​សម្ពាធ​អតិផរណា ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​អន្តរាគមន៍ លើ​ទីផ្សារ​ប្តូរប្រាក់​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់រៀល ខណៈដែល​រូបិយប័ណ្ណ​ក្នុង​តំបន់ ប្រឈម​នឹង​ការប្រែប្រួល​ខ្លាំង។

ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន៥២ ធនាគារ​ឯកទេស១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ៧៥ គ្រឹះស្ថាន ឥណទាន​ជនបទ២៤៦ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ១៥ អ្នកដំណើរ​កា​រត​តិ​យ​ភាគី៤ គ្រឹះស្ថាន​ផ្តល់ សេវា​ទូទាត់២៨ ក្រុមហ៊ុន​ចែករំលែក​ព័ត៌មាន​ឥណទាន១ ការិយាល័យ​តំណាង​ធនាគារ​បរទេស៦ និង​អាជីវកម្ម​ប្តូរប្រាក់ ២.៨៨៩ ។

ទីស្នាក់ការ​កណ្តាល និង​សាខា​នៃ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ចំនួន២.៥២៧ និង​មាន​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ (ATM) ចំនួន៣.១៦៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here