ធនាគារមកពីបារាំង និងក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដ៏ធំមួយសហការគ្នាផ្ដល់សេវាហិរញ្ញវត្ថុដល់អ្នកទិញនៅកម្ពុជា

ដោយ៖ លក្ខិណា​

ភ្នំពេញ៖ ធនាគារ BRED Bank (Cambodia ) ដែលជាធនាគារមកពីប្រទេសបារាំង បានចុះអនុស្សរណៈ​នៃ​ការ​យោគយល់គ្នា ជាមួយក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា ដើម្បីសហការផ្ដល់សេវាហិរញ្ញវត្ថុដល់អ្នក​ដែល​ទិញអចលនទ្រព្យតាមបណ្ដាញក្រុមហ៊ុន Century 21 Cambodia។

អនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ ត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិ​នៃធនាគារ BRED Bank (Cambodia) និងអ្នកស្រីមាស គន្ធានាយកគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុ​បុគ្គល ធនាគារ BRED Bank (Cambodia) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា តាមរយៈ MoU នេះ អតិថិជនដែលទិញអចលនទ្រព្យតាមក្រុមហ៊ុន Century 21 Cambodia នឹងមានភាពងាយស្រួល​ជាង​មុនក្នុងការទទួលបានហិរញ្ញវត្ថុ ដើម្បីទិញអចលនទ្រព្យក្នុងក្តីស្រមៃរបស់ពួកគេ ដោយទទួលបានកម្ចីក្នុង​អត្រា​ការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)។

លោក Seraj Sutton បានមានប្រសាសន៍ថា វាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដោយ​ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា ដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជាធនាគារ​អឺរ៉ុបដំបូងគេនៅកម្ពុជា ហើយលោកជឿជាក់ថាការសហការគ្នានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត​ឱកាសកាន់តែប្រសើរសម្រាប់អតិថិជន និងវិនិយោគិន ក៏ដូចជាជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនឡើង​មាន​លទ្ធភាពទិញអចលទ្រព្យ ក្នុងក្តីសុបិន្តរបស់ពួកគេ។

ការចូលរួមអភិវឌ្ឍន៍អចលនទ្រព្យរបស់ធនាគារមួយនេះ វានឹងក្លាយជាផ្លូវត្រួសត្រាយមួយទៀតដល់ធនាគារ​ដទៃទៀតនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលវិស័យនេះ បានក្លាយជាវិស័យស្នួលនិងសំខាន់ ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here