ធនាគារហត្ថាប្រកាស​គម្រោង​សាងសង់អគារ​ការិយាល័យកណ្តាលថ្មីដ៏ធំតាមបណ្តោយផ្លូវ៦០ម៉ែត្រ

ដោយៈវាសនា

ភ្នំពេញៈ ធនាគារហត្ថា ដែល​ទើបទទួលបាន​អាជ្ញាប័ណ្ណជាធនាគារ​ពាណិជ្ជ កាល​ពី​ខែ​សីហា ឆ្នាំ២០២០​ថ្មីៗនេះ បាន​ប្រកាសពី​គម្រោង​សាង​សង់​ អគារ​ការិយាល័យ​កណ្តាល​ថ្មី​ដ៏ធំស្គឹមស្កៃ និងដ៏​ទំនើប ដើម្បីគាំទ្រ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ ដែល​មាន​សន្ទុះ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

ផែនការ​សាង​សង់​អគារ​ការិយាល័យកណ្តាលថ្មី​នេះ ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា សាងសង់អគារការិយាល័យកណ្តាលថ្មី របស់ខ្លួនជាមួយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារហត្ថាទទួលបានជោគជ័យធំៗផ្ទួនៗគ្នា បន្ថែមពីលើការរីកចម្រើនឥតឈប់ឈរពីអាជីវកម្មរបស់ខ្លួន ពីព្រោះថាកាលពីចុងឆ្នាំ ២០២០ កន្លងមកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយបានកម្លាយខ្លួន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទៅជាធនាគារពាណិជ្ជ ទោះបីជានៅក្នុងអំឡុងពេល ដែលប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ។​

ជាក់ស្តែងក្នុងថ្ងៃនេះ ធនាគារ ហត្ថា បានចុះហត្ថាលេខា ដើម្បីសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ខ្លួន ចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងជាតំបន់ដែលពោពេញទៅដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។​

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងថា “ គម្រោង​សាងសង់​អគារ ការិយាល័យកណ្តាលថ្មីនេះ មានទំហំសំណង់សរុបប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា និងមានកម្ពស់២២ជាន់ ដែលស្ថិតនៅលើផ្ទៃដីប្រមាណជិត១៥,០០០ ម៉ែត្រ​ក្រឡា តាមបណ្តោយមហាវិថីសម្តេចតេជោសែន (ឬផ្លូវ៦០ម៉ែត្រ)។ អគារថ្មីនេះ មានមុខងារជាច្រើន​ រួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យ​ទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម ។ល។”

លោកឧញ៉ាបានបន្ថែមទៀតថា “អគារការិយាល័យថ្មីនេះ គឺសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើ​យតបទៅផែនការអាជីវកម្ម ដែលយើងបានប្តេជ្ញាក្លាយទៅជាធនាគារជំរើសទីមួយ របស់អតិថិជន ព្រមទាំងដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិក​របស់ធនាគារហត្ថាទាំងអស់។”

បន្ទាប់ពីបានធ្វើការសិក្សាយ៉ាងល្អិតល្អន់ អស់រយៈជិតមួយឆ្នាំកន្លងមកនេះ ធនាគារហត្ថា បានធ្វើការជ្រើសរើស ក្រុមហ៊ុនស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ដើម្បីធ្វើការរចនា និងការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ។

លោកជំទាវ ជា សុខយូ នាយកគ្រប់គ្រង និងស្ថាបត្យករក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ពិតជាមានមោទនភាព ដែលធនាគារ ហត្ថា បានផ្តល់ទំនុកចិត្ដ ក្នុងភាពជាដៃគូដើម្បីរចនាប្លង់ និងសាងសង់នូវគម្រោងអគារការិយាល័យកណ្ដាលថ្មីរបស់ធនាគារ ហត្ថា ទាំងមូល ហើយជាពិសេស គឺយើងមានគោលដៅរួមគ្នា នោះគឺការសាងសង់នូវ​អគារ ដែលមានគុណភាព និងស្តង់ដា។

លោកជំទាវបន្តថា ការរចនាប្លង់ និងផែនការសាងសង់គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវវិញ្ញាបណ្ណប័ត្រ Green Mark ពីអង្គការ BCA ព្រមទាំងអនុលោមតាមស្ដង់ដារ British Standard Building Code បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាពវិស័យសំណង់ ក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មានការិយាល័យសរុបចំនួន១៧៧ និងបណ្តាញអេធីអឹមចំនួន១៣៧នៅទូទាំងប្រទេស។ លើសពីនេះ អតិថិជនបានមកបើកគណនីជាមួយធនាគារ ហត្ថា គឺជិត៥០ម៉ឺនគណនី ដោយក្នុងនេះគណនីបញ្ញើសន្សំមានជិត៣០ម៉ឺនគណនី និងគណនីឥណទានជិត២០ម៉ឺនគណនី។ ជាមួយគ្នានេះដែរ សំពាធឥណទានរបស់យើង បានកើនឡើងដល់ជាង១៣០០លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ២៦% បើធៀបនឹងឆ្នាំ២០១៩។ ចំណែកសំពាធប្រាក់បញ្ញើសន្សំ បានកើនឡើងដល់ជិត៨០០លានដុល្លារអាមេរិក ដែលមានកំនើនប្រមាណ៣២% បើធៀបនឹងឆ្នាំ២០១៩។

ចំណែកអតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័តវិញ បានកើនឡើងរហូតដល់ ១០៥% គឺកើនឡើងពីជាង៨,០០០នាក់ ទៅ​ដល់ជាង១៦,០០០នាក់ បន្ទាប់ពីយើងបានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័ត ដែលទើបបានធ្វើទំនើបកម្មរួចរាល់កាលពីចុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here