រដ្ឋាភិបាលអនុញ្ញាតបើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុនិងធនាគារខណៈធនធានជំនាញនេះនៅមានកម្រិត

ដោយៈលក្ខិណា

ភ្នំពេញៈ ដោយមើលឃើញ តម្រូវការធនធានមនុស្សលើជំនាញគណនេយ្យ និងហិរ​ញ្ញ​វត្ថុ និងធនាគារ នៅក្នុងប្រទេសកម្ពុជាកាន់តែមានច្រើន និងពិបាកក្នុងការរកបុគ្គ​លិកបម្រើការតាមស្ថាប័នហិរញ្ញវត្ថុ ក្រសួងអប់រំ និងយុវជននិងកីឡា បានសម្រេចឱ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បើកការបណ្ដុះបណ្ដាលបន្ថែមលើជំនាញនេះ កម្រិតបរិញ្ញា​បត្រជាន់ខ្ពស់។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៥ មករា ២០២០ បានអនុញ្ញាតឱ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បើកបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវសិក្សារយៈពេលយ៉ាងតិច២ឆ្នាំ សមមូលនឹង៤៥ក្រេឌីតយ៉ាងតិច ។

ក្នុងសេចក្តីសម្រេចដដែលនេះក៏បានបញ្ជាក់ផងដែរ ជំនាញបីពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិងធនាគារ ដែលក្រសួងបើកភ្លើងខៀវ ឱ្យធ្វើការបណ្ដុះបណ្ដាលនោះ រួមមាន១) ជំនាញ ហិរញ្ញវត្ថុ និងធនាគារ ២) ជំនាញហិរញ្ញវត្ថុ និងទី៣ជំនាញគ្រប់គ្រង ។ វិទ្យាស្ថាននេះ ត្រូវមានភារកិច្ច រៀបចំបទប្បញ្ញត្តិស្ដីពី ការគ្រប់គ្រងការសិក្សា សម្រាប់មុខជំនាញទាំងបីនេះ ត្រូវរៀបចំ កម្មវិធីសិក្សាលម្អិត ឱ្យស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា អនុវត្តន៍តាមបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡានិងត្រូវធ្វើរបា​យការណ៍ស្តីពី ការបណ្ដុះបណ្ដាលមកនាយកដ្ឋានស្រាវជ្រាវ វិទ្យាសាស្ត្ររៀងរាល់ឆមាសឱ្យបានទៀងទាត់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានឱ្យដឹងផងដែរថា ទីផ្សារការងារលើជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ នៅកម្ពុជានាពេលនេះគឺកំពុងមានតម្រូវការខ្លាំង និងមិនអាចផ្គត់ផ្គង់បានគ្រប់ ទៅតាមតម្រូវការនៅឡើយ ដែលទាម​ទារឱ្យមានការបណ្ដុះបណ្ដាលជំនាញផ្នែកនេះ ដើម្បីផ្គត់ផ្គង់ទៅកាន់តីផ្សារការងារ។

លោកបណ្ឌិតបន្តថា ធនធានហិរញ្ញវត្ថុ និងគណនេយ្យនៅកម្ពុជា មានច្រើនពិតមែនតែបើជាជំនាញ ដែលទទួលស្គាល់ស្ដង់ដារតែម្ដងគឺមានតិចណាស់ តែប្រមាណជាង១០០នាក់ប៉ុណ្ណោះ ក្រៅពីនោះគ្រាន់តែជាអ្នក ដែលអាចបិទបញ្ជីពន្ធធម្មតាៗប៉ុណ្ណោះ មិនទាន់មានការទទួលស្គាល់ជាស្តង់ដារនៅឡើយ ហើយបើធៀបនឹងប្រទេសជិតខាងគឺកម្ពុជានៅមានកម្រិតនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here