អ្នកឧកញ៉ា គិត ម៉េង លើកបញ្ហាប្រឈមចំនួន៨ ស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល

ដោយ ៖ វុធ
ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន បានដាក់សំណើចំនួន ៨ ចំណុច ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកឧកញ៉ា គិត ម៉េង ឱ្យដឹងថា កិច្ចប្រជុំពិសេសនេះ គឺដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមទាំងឡាយរបស់វិស័យឯកជន ពាក់ព័ន្ធនឹងប្រតិបត្តិការនាំចេញ-នាំចូល ក្នុងកំឡុងពេលដែលពិភពលោកកំពុងកើតមានវិបត្តិសេដ្ឋកិច្ចជាសាកល។

អ្នកឧកញ៉ាបានបន្ថែមថា បញ្ហាដែលទទួលបានពីវិស័យឯកជន ដាក់ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមមានចំនួន ៨ចំណុច ដូចជា៖ (១).ការពង្រឹងការអនុវត្តកម្រៃសេវាផ្លូវការគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (២).ការកាត់បន្ថយបន្ទុកនានាបន្ថែមទៀតចំពោះវិនិយោគវិស័យកាត់ដេរនិងវិស័យកសិកម្ម (៣).ការពង្រឹងប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ (៤).ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការកែលម្អនីតិវិធី e-Payment (៥).ការលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានបញ្ជាក់ជាមុនលើការងារចំណាត់ថ្នាក់ទំនិញ (៦).ការជំរុញការអនុវត្តយន្តការលើកទឹកចិត្តវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs Customs Incentives) (៧).ការពង្រីកចំនួនសមាជិកក្រុមធុរជនល្អបំផុតដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមភាពខ្ពស់ (Best Trading Company), និង (៨). ការធ្វើសាមញ្ញកម្ម និងទំនើបកម្មនីតិវិធីគយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ទៀតថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក និងគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានដាក់ចេញនូវវិធានជាច្រើន ដើម្បីផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា វិស័យឯកជនដែលតែងតែផ្តល់ធាតុចូល ក៏ដូចជាការផ្តល់ព័ត៌មាននានា ដែលវិស័យឯកជនកំពុងជួបប្រទះ ប្រឈម និងសំណូមពរនានាដល់ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ហើយ អគរ រង់ចាំសហការធ្វើការពិភាក្សារកដំណោះស្រាយជូនដល់វិស័យឯកជន ដែលនឹងលើកឡើងនៅពេលខាងមុខបន្តបន្ទាប់ទៀត។

បន្ទាប់ពីបានធ្វើការពិភាក្សាលើចំណុចសំណូមពរខាងលើ អង្គប្រជុំពិសេសនេះ បានឯកភាពគ្នាឱ្យក្រុមការងារជំនាញនីមួយៗ បន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុនាពេលខាងមុខឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយក៏បានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំលើកទី៨នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលវេលាសមស្របខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here