កម្ពុជានិងកូរ៉េខាងត្បូងសម្រេចដាក់ដំណើរការប្រព័ន្ធទូទាត់ឌីជីថលដោយមិនប្រើក្រដាស់ប្រាក់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ភាគីកម្ពុជា ដែលមានធនគារជាតិនៃកម្ពុជា និងភាគីកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ( KOICA ) បានសម្រេចដាក់ដំណើរការជាផ្លូវការនៃប្រព័ន្ធទូទាត់ (Retail Pay ) ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋ ធ្វើការទូទាត់សាច់ប្រាក់ដោយមិនប្រើក្រដាស់ប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវនាវ ច័ន្ទថាណាទេសាភិបាលរងធនាគារជាតិនៃកម្ពុជាថ្លែងនៅពិធីដាក់ដំណើរការប្រព័ន្ធនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សេវាកម្មនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការផ្ញើសាច់ប្រាក់ បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ ដោយមិនបាច់បារម្ភពីហានិភ័យនៃការបាត់បង់សាច់ប្រាក់ ឬចោរលួចនោះឡើយ។

លោកជំទាវបានថ្លែងបន្តថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ ដែលជាអាទិភាពមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។

លោកជំទាវជា សិរីឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការទូទាត់តាមប្រព័ន្ធអេឡេចត្រូនិច គឺផ្តល់ភាពងាយស្រួលទាំងរូបវ័ន្តបុគ្គលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងផ្តល់ព័ត៌មានពីចរាចរសាច់ប្រាក់នៅកម្ពុជាដល់ធនាគារកណ្តាល និងធនាគារឯកជនផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា ការជំរុញឱ្យប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក គឺចំណេញទាំងពេលវេលា និងជំរុញដល់ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ដោយសារប្រព័ន្ធទូទាត់នេះ កាត់បន្ថយបាននូវការបោះពុម្ពរូបិយប័ណ្ណជាតិ។

លោក រោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារKOIKA ប្រចាំនៅកម្ពុជា មាន ប្រសាសន៍ថា ប្រព័ន្ធទូទាត់ថ្មីនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុមួយ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មកដល់ពេល នេះ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារឯកជនដែលចូលជាសមាជិកនៃប្រព័ន្ធរីធែលផេនេះ មានចំនួន២២ធនាគារហើយ ខណៈធនាគារជាតិ នៃកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងគ្រឹះ ស្ថានធនាគារមួយដែលមានឈ្មោះថា «បាគង» ដើម្បីផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការផ្ទេរប្រាក់ និងទទួលសាច់ប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here