GSP និង FTA នឹងធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អាមេរិក និង​ចិន​នៅ​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បានលើកឡើង​ថា កម្ពុជា​នឹង​ទាក់ទាញ​ការវិនិយោគ​ជាច្រើន ពី​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ចិន ដែល​នឹង​មក​បោះទុន​វិនិយោគ​នៅក្នុង​ឆ្នាំ២០២១នេះ ដោយសារ​កម្ពុជា​ទទួល​បាន​ទាំង​ការអនុគ្រោះ​ពន្ធ​ពី​អាមេរិក និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ចិន។

លោក​ឧកញ៉ា​លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា កំណើន​នាំ​ចេញទៅ​អាមេរិក​នៅតែ​កើនឡើង ហើយ​សង្គ្រាម​ពាណិជ្ជ​ចិន និង​អាមេរិក​កំពុង​បន្ត​ភាព​តានតឹង វា​ធ្វើ​ឱ​ក្រុមហ៊ុន​ជាច្រើន​ផ្លាស់ប្តូរ​ទីតាំង​ផលិតកម្ម​មកកាន់​កម្ពុ​ជា ហើយ​នាំ​ចេញទៅ​សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ពន្យល់ថា “ក្រុមហ៊ុន​អាមេរិក នៅ​ចិន និង​ក្រុមហ៊ុន​ចិន នៅ​ទឹកដី​ចិន​ផ្ទាល់ ផលិត ហើយ​នាំចេញ​អាមេរិក​ជាប់ពន្ធ​ខ្ពស់ ដូច្នេះ​ទាំង​ក្រុមហ៊ុន​អាមេរិក និង​ចិន​ទាំងនោះ អាច​ងាក​មក​កម្ពុជា ដើម្បី​ផលិត ហើយ​នាំ​ចេញទៅ​អាមេរិក” ។ លោក​បន្តថា “ក្រុមហ៊ុន​នៅ​អាមេរិក ដែល​ផលិត ហើយ​នាំ​ចេញទៅ​ចិន​ជាប់ពន្ធ​ខ្ពស់ ក៏​អាច​ងាក​មក​កម្ពុជា ដើម្បី​រៀបចំ​ទីតាំង​ផលិតកម្ម និង​នាំចេញ​ចិន​វិញ​ផងដែរ ព្រោះ​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា (FTA) ជាមួយ​ចិន” ។

លោក​ឧកញ៉ា​លឹម ហេង​បាន​ថ្លែងថា កម្ពុជា​នៅតែមាន​ភាព​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដោយសារ​តម្លៃ​ពលកម្ម​របស់​យើង​នៅ​ទាប ហើយ​កម្លាំង​វ័យក្មេង​របស់​យើង​មាន​ច្រើន ដូច្នេះ​ភាព​ទាក់ទាញ​នៅតែមាន  ហើយ​ឱកាស និង​ទីតាំងនៅ​មានតម្លៃ​ធូរ​ថ្លៃ ដែល​អាចឱ្យ​វិនិយោគិន ចូលមក​បណ្តាក់ទុន។

លោក​បាន​ថ្លែង​ទៀតថា កម្ពុជា​នឹង​បន្ត​ទទួលបាន​ការវិនិយោគ ពី​ទាំង​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ចិន​កាន់តែច្រើន នៅក្នុង​ឆ្នាំ២០២១នេះ ដោយសារតែ​កម្ពុ​ជាមាន​ប្រព័ន្ធ​អនុគ្រោះ GSP របស់​អាមេរិក និង FTA ជាមួយ​ចិន។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត​ហុង វណ្ណៈ​បាន​មានប្រសាសន៍ថា ការទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន កិច្ចព្រមព្រៀង​អនុគ្រោះ​ព​ន្ឋ GSP របស់​អាមេរិក និង​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​នាពេលខាងមុខ ដែល​នឹង​ផ្តល់​កាលានុវត្តន៍​ភាព ជម្រុញ​កំនើន​នៃ​ការនាំចេញ​របស់​កម្ពុជា ដែល​វា​នឹង​ជំរុញ​កំនើន​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំនេះ ឲ្យ​សម្រេចបាន​កំនើន​ល្អប្រសើរ​ឡើងវិញ។

លោក​បន្តថា “កម្ពុជា​នឹង​ទាក់ទាញ​ការវិនិយោគ​ពី​បណ្តា​រោងចក្រ សហគ្រាស​ជាច្រើន ដើម្បី​ផលិត​នាំចេញ​ដោយ​រួច​ព​ន្ឋ​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​អ្វី​សំខាន់​មួយទៀត​សំរាប់​ផលិតផល​ក្នុងស្រុក តើ​កម្ពុជា​បាន​ត្រៀមខ្លួន​បានល្អ​បែបណា ដើម្បី​នាំចេញ​កសិផល​ទៅកាន់​ប្រទេស​ចិន” ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែងថា បញ្ហា​ភូ​ត្ត​គា​ម​អនាម័យ ជា​បញ្ហា​ចម្បង ដែល​នឹង​ក្លាយជា​ឧបសគ្គ​ក្នុងការ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដែល​ការងារ​នេះ​ក្រសួងកសិកម្ម បាននិងកំពុង​ធ្វើ​ជាមួយ​កសិករ ដើម្បី​លើក​កំពស់​បញ្ហា​ភូ​ត្ត​គា​ម​អនាម័យ​ឲ្យ​បានល្អ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here