ក្រុមហ៊ុនបរទេសជាច្រើនកំពុងងាកចេញពីសហរដ្ឋអាមេរិកហើយងាកទៅរកមហាយក្សចិន

ដោយៈគង់ លាងហួរ

អន្តរជាតិៈ ក្រុមហ៊ុនបរទេសជាច្រើនកំពុងបែរខ្នងដាក់សហរដ្ឋអាមេរិក ដោយងាកទៅទាញយកផលប្រយោជន៍ពីចិន ដែលកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការគ្រប់គ្រ​ងការរីករាលដាលនៃជំងឺកូវីដ១៩ដោយមានប្រសិទ្ធិភាព។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

យោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយដោយសន្និសីទប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍បានបញ្ជាក់ថា ការវិនិយោគផ្ទាល់ក្នុងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនបរទេស មានទំហំទឹកប្រាក់១៣៤ពាន់លានដុល្លារ ធ្លាក់ចុះ៤៩%កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ការវិនិយោគផ្ទាល់ពីបរទេស ក្នុងប្រទេសចិនមានទំហំទឹកប្រាក់១៦៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើង៤%។

ឆ្នាំ២០២០គឺជាឆ្នាំ ដែលគេកត់សម្គាល់ឃើញថា ជាឆ្នាំដំបូងក្នុងប្រវត្តិសាស្ត្រ ដែលការវិនិយោគផ្ទាល់ពីបរទេស ក្នុងប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក។ បច្ចុប្បន្ន ចិនជា​ប្រទេសទទួលការវិនិយោគធំបំផុត នៃការវិនិយោគរបស់ក្រុមហ៊ុនបរទេសលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាជំងឺកូវីដ១៩ ជាកត្តាដ៏ធំបំផុតមួយ ក្នុងការរាងរាំងការវិនិយោគផ្ទាល់ពីបរទេស ក្នុងសហរដ្ឋអាមេរិក  និងប្រទេសជាច្រើនបំផុតជុំវិញពិភពលោក តែការវិនិយោគរបស់អាមេរិកចាប់ផ្ដើមប្រសើរឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។

ការវិនិយោគពីបរទេសក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះកាន់តែខ្លាំងក្រោយពីទទួ​លបានទំហំទឹកប្រាក់៤៤០ពាន់លានដុល្លារអាមេរិក ពីការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០១៥។

អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានធ្វើគោលនយោបាយពាណិជ្ជកម្ម ដែលប៉ះពាល់ដល់ការវិនិយោគបរទេស ជាពិសេសពីប្រទេសចិន ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការវិនិយោគរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយភាពមិនប្រាកដប្រជា នៃកំណើនសេដ្ឋកិច្ចជុំវិញពិភពលោក ក៏បានរួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ។

កាលពីឆ្នាំមុន ការធ្លាក់ចុះក្នុងការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងសហរដ្ឋអាមេរិក មានការប៉ះពាល់ខ្លាំងដល់ការធ្វើពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងផលិតកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here