ដោយៈសុខុម
ប្រទេសចិនៈ យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២៣ មករា នេះឱ្យដឹងថា ប្រទេសចិនបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលផ្ដល់សិទ្ធិអំណាចច្រើនជាងមុនដល់កងឆ្មាំសមុទ្រ ឱ្យបាញ់កម្ទេចនាវាបរទេសចោលឆៅៗ ហើយនេះជាចំណាត់ការមួយ ដែលអាចបង្កភាពតានតឹងផ្នែកយោធា នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច (Western Pacific)។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានលើកឡើងនៅថ្ងៃសៅរ៍នេះថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណង “ការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងសិទ្ធិនាវាចរណ៍”។ ច្បាប់នេះ នឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។
ទីភ្នាក់ងារព័ត៌មានចិនXinhua បានគូសបញ្ជាក់ថា កងឆ្មាំសមុទ្រចិន (China Coast Guard) នឹងត្រូវបានអនុញ្ញាតឱ្យ “ចាត់រាល់វិធានការចាំបាច់” រួមទាំងការប្រើប្រាស់សព្វាវុធផង ដើម្បីបញ្ឈប់ ឬទប់ស្កាត់ការគំរាមកំហែង ពីសំណាក់នាវាបរទេស។ កងឆ្មាំសមុទ្រ នឹងត្រូវបានអនុញ្ញាតឱ្យឡើង ត្រួតពិនិត្យលើនាវាបរទេស ដែលបើកចូលមកក្នុង “ដែនទឹក” របស់ចិន។
ចំណាត់ការនេះអាចបង្កភាពតានតឹងផ្នែកយោធា នៅក្នុងដែនសមុទ្រមានជម្លោះ ដែលលាតសន្ធឹងពីឆ្នេរសមុទ្ររបស់ចិន។ នាវាកងឆ្មាំសមុទ្រប្រឈមមុខដាក់គ្នា ជាញឹកញាប់ជាមួយនាវាបរទេសក្នុងស្ថានភាពតានតឹង នៅពេលពួកគេអះអាងតាមក្រុងប៉េកាំង នូវសិទ្ធិកាន់កាប់ភាគច្រើននៃសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទកាសែតនៅក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី២២ មករា ចំណាត់ការនេះជា “សកម្មភាពស្របច្បាប់ជាប្រក្រតីនៃសភាប្រជាជនចិន” ហើយថាប្រទេសចិន “នឹងនៅតែប្ដេជ្ញារក្សាសន្តិភាព និងស្ថិរភាពក្នុងដែនសមុទ្រ”។
បញ្ហាសមុទ្រចិនខាងត្បូង ដែលសម្បូរដោយធនធានរ៉ែ បានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងដោយសារប្រទេសចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍រួមមានម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែដណ្ដើមគ្នាអះអាងសិទ្ធិកាន់កាប់រៀងៗខ្លួន។ នៅសមុទ្រចិនខាងកើត នាវារបស់រដ្ឋាភិបាលចិន និងជប៉ុន តែងតែឃ្លាំមើលគ្នាទៅវិញទៅមកពេលចុះល្បាតម្ដងៗ នៅជិតបណ្ដាកោះគ្មានមនុស្សរស់នៅ ដែលភាគីទាំង២បានអះអាងសិទ្ធិកាន់កាប់រៀងៗខ្លួន៕