ដោយៈ សហសេវិក
ភ្នំពេញៈ រាជធានីភ្នំពេញទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកស្តីពី“ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង”។
ពានរង្វាន់អង្គការសុខភាពពិភពលោក ផ្តល់ការលើកទឹកចិត្តលើកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង”។
ការទទួលបានពានរង្វាន់នេះ ធ្វើឡើងនាឱកាសលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង”។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះរាជធានីភ្នំពេញ ពិតជាទទួលបានកិត្តិយសយ៉ាងធំធេង ដែលអង្គការសុខភាពពិភពលោក បានការធ្វើវាយតម្លៃ និងផ្តល់ជាពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត លើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេសម្រាប់ការងារដឹកជញ្ជូន និងការកាត់បន្ថយជាអតិបរមា នូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។
លោកស្រីបន្តទៀតថា “មិនមែនជាការចៃដន្យទេ ដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអង្គការពិភពលោកទទួលស្គាល់ និងផ្តល់នូវពានរង្វាន់នាពេលនេះទេ”។
ក្រោមការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC)ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ សព្វថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ ដោយជម្ងឺមិនឆ្លងដោយក្នុងនោះរួមមាន៖ គម្រោងលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរ ក្នុងស្ថានភាពស្រវឹង និងគម្រោងគ្មានការបង្ហុយផ្សែងបារីនៅតំបន់ទេសចរណ៍ ផ្លូវថ្មើរជើងចតុមុខជាដើម។ល។
គម្រោងខាងលើពិតជាបានរួមចំណែក យ៉ាងមានប្រសិទ្ធភាព ក្នុងការផ្តួចផ្តើមការកែប្រែ ទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អបរិយាកាសសង្គម និងការ កាត់បន្ថយនូវហានិភ័យនានាដែលប ង្កឡើ ង ដោយ ជម្ងឺមិនឆ្លង ដែលបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការងារគាំពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកស្រីបានបន្តទៀតថា កាលពីឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ចេញ និងអនុវត្តសាកល្បងនូវគម្រោង “រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ព ស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរ ដ្ឋនៅក្នុងមូលដ្ឋាន” ដោយបានជ្រើសរើស យកតំបន់សាលារៀនចំនួន២ គឺ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម-វិទ្យាល័យហ៊ុន សែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់នោះ។
នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន ៣ គឺ៖ (១) ការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ផ្លូវគោកដល់សិស្សានុសសិ្ស និងប្រជាពលរដ្ឋគោលដៅ (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។
(៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺ ការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតា មសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។
តាមរយៈកិច្ចការដែលបានអនុវត្តទាំងអស់នេះ ទើបរាជធានីភ្នំពេញត្រូវបានជាប់ក្នុងបញ្ជី នៃការប្រគល់ជូននូវពានរង្វាន់ប្រចាំឆ្នាំ២០២៦ នៃអង្គការសុខភាពពិភពលោកនាពេលនេះ។
មានទីក្រុងជាង១៥០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ពាក្យ ដើម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហើយទីក្រុងដែលជាប់មាន ចំនួន៨រាប់ទាំងរាជធានីភ្នំពេញផងដែរ៕








