មន្រ្តីជាន់ខ្ពស់​ចូលរូមកិច្ច​ប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន​ ឆ្នាំ២០២៦​ជាមួយ​ការ​អំពាវនាវ​ទាក់​ទាញ​អ្នកធុរកិច្ច​

ដោយៈ ចំណាន

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធី បើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦។

មានមតិក្នុងពិធីបើកកិច្ចប្រជុំ លោកអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញ នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមាន។ ដូច្នេះ កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល “ប្រែក្លាយការសន្ទនា ទៅជាកិច្ចសហប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកជា វុទ្ថី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងអាស៊ាន និងចិន កំណើននៃទំហំពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើននៃការវិនិយោគចិននៅកម្ពុជាផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

លោកបញ្ជាក់ថា “អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀត គឺការបង្កើ​នការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើត រោងចក្រនិងការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើន នៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់”។

ទន្ទឹមនេះ លោកអគ្គលេខាធិការបានជម្រាបជូនអង្គពិធីថា ដើម្បីឱ្យការវិនិយោគរយៈពេលវែង អាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងវិនិយោគតាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការចុះបញ្ជីគម្រោងវិនិយោគ, ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងវិធានការពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងនាមជាស្ថាប័នទទួលបន្ទុកការវិនិយោគឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។ កម្ពុជាសូមអំពាវនាវដល់ធុរជន និងវិនិយោគិនបន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here