GMAC : ការដោះស្រាយបញ្ហាចំពោះមុខសំខាន់ជាងEBA

ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជា (GMAC) លើកឡើងថា ការដោះស្រាយបញ្ហាចំពោះមុខនាពេលបច្ចុប្បន្ននេះ ដែលសំដៅទៅបញ្ហាប្រឈម ដោយសារតែវិបត្តិជំងឺកូវីដ១៩ មានសារសំខាន់ជាងបញ្ហាEBAទៅទៀត។

លោក កាំង ម៉ូនីកា អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាហៅកាត់ថា GMAC បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាម ពាក់ព័ន្ធនឹងការដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្នែកខ្លះរបស់សហគមន៍អឺរ៉ុប ឱ្យដឹងថា ការដោះស្រាយបញ្ហាចំពោះមុខនាពេលបច្ចុប្បន្ននេះ គឺមានសារសំខាន់ជាងបញ្ហាEBAទៅទៀត ។ លោកចង់សំដៅទៅលើបញ្ហាដែលប្រឈមដោយសារតែជំងឺកូវីដ១៩ ធ្វើអោយវិស័យកាត់ដេរកម្ពុជាបានថមថយសកម្មភាព រហូតដល់មានរោងចក្រជាច្រើនបានបិទទ្វារនិងព្យួរការងារ។

លោកបានបន្តថា “បញ្ហាដែលសំខាន់និងប្រឈមធ្ងន់ជាងEBA នោះគឺកូវីដ១៩ ហើយអ្វីដែលត្រូវធ្វើនៅពេលនេះ គឺការជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្នុងស្រុក ដូចជាជាមួយសហជីព ជាមួយរាជរដ្ឋាភិបាល ថាតើត្រូវធ្វើកំណែទម្រង់យ៉ាងណាដើម្បីឱ្យវិស័យកាត់ដេរទទួលបានអ្នកបញ្ជាទិញ និងការបញ្ជាទិញពីខាងក្រៅប្រទេសមកវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក បានបន្តថា “ខណៈបច្ចុប្បន្ននេះ ការបញ្ជាទិញក៏បានថមថយ អ្នកបញ្ជាទិញក៏បានបាត់បង់ ធ្វើអោយរោងចក្រដែលមិនមានការបញ្ជាទិញត្រូវបិទទ្វារនិងផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈ ដែលជាហេតុធ្វើអោយកម្មកររាប់ម៉ឺននាក់ត្រូវបាត់បង់ការងារ”។

លោក បន្ថែមថា កន្លងមក GMAC បានដាក់លិខិតទៅកាន់សហគមណន៍អឺរ៉ុបរួចហើយពីការស្នើសុំឱ្យពន្យារពេលនៃការដកប្រព័ន្ធអនុគ្រោះពន្ធទៅឆ្នាំក្រោយវិញ តែមិនទាន់មានការឆ្លើយតបមកវិញយ៉ាងណានៅឡើយទេ ខណៈដែលថ្ងៃកំណត់របស់អឺរ៉ុបចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធក៏កាន់តែជិតមកដល់។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកន្លងមកថា នៅកាលៈទេសៈនេះ របស់ដែលមិនចាំបាច់ដូចជាសម្លៀកបំពាក់ ស្បែកជើងនិងរបស់ប្រើប្រាស់ដទៃទៀត វាពិតជាគ្មានតម្រូវការនោះទេ ព្រោះប្រទេសជាច្រើនបានបិទដែលធ្វើអោយពលរដ្ឋមិនអាចចេញក្រៅបានដូច្នេះពួកគេក៏មិនចាំបាច់ត្រូវការទិញសម្លៀកបំពាក់ថ្មីៗ ស្បែកជើងថ្មីនោះដែរ ក្នុងពេលនេះ ពួកគេត្រូវរក្សាខ្លួនអោយមានសុវត្ថិភាព។

ចំណែកលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងឆមាសទី១នៃឆ្នាំ ២០២០នេះ មានរោងចក្រដែលព្យួរការងារចំនួន ជាង៤៥០រោងចក្រ និងរោងចក្រជាង៧០រោងចក្របានបិទទ្វារ និងធ្វើអោយប៉ះពាលដល់កម្មករជាង១៧ម៉ឺននាក់។

លោកបន្តថា បញ្ហានេះមិនមានតែកម្ពុជានោះទេ ពោលនៅប្រទេសផលិតសម្ភារវាយនភណ្ឌទាំងអស់សុទ្ធតែប៉ះពាល់ដូចជាវៀតណាមបង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម ហើយផលប៉ះពាល់នេះ បើសិនជាកម្ពុជាមិនមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងនោះទេ វានឹងកាន់តែធ្ងន់ធ្ងរហើយកាន់តែមានវិបត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here