ដោយ: សុខុម
ញូវយ៉ក: លោក Kevin Hassett អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសម្ដែងការគាំទ្រពេញទំហឹងចំពោះផែនការសង្គ្រោះក្នុងទំហំទឹកប្រាក់១,៩ទ្រីលានដុល្លារ របស់ប្រធានាធិបតីថ្មីលោក ចូ បៃឌិន ថាជាមធ្យោបាយមួយ ដើម្បីស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ឱ្យងើបឡើងពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។
លោកបានថ្លែងប្រាប់សារព័ត៌មាន CNN Business កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ថា “គេបានទម្លាក់កញ្ចប់ថវិកាជាច្រើនរួចមកហើយ ប៉ុន្តែខ្ញុំយល់ថា យើងចាំបាច់ត្រូវប្រថុយ”។
អតីតក្រុមមន្រ្តីនៃរដ្ឋការរបស់លោកត្រាំ បានសម្ដែងក្ដីបារម្ភថា ប្រសិនបើគ្មានជំនួយសង្គ្រោះបន្ថែមពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទេនោះ ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលកាន់តែធ្ងន់ធ្ងរទៅនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះខ្លាំងដូចក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ ដែលកាលនោះ GDP (ផលិតផលក្នុងស្រុកសរុប) បានធ្លាក់ចុះរហូតដល់ទៅ ៥%។
លោក Kevin Hassett ដែលបានធ្វើជាប្រធានទីប្រឹក្សារបស់លោក ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ មុនពេលត្រលប់មកវិញក្នុងតួនាទីជាទីប្រឹក្សាស្ម័គ្រចិត្តក្នុងខែមីនា ឆ្នាំ២០២០ បានលើកឡើងថា មានក្រុមហ៊ុនច្រើនណាស់ដែលកំពុងជួបការលំបាក និងរង់ចាំជំនួយ។ ពេលនេះក្រុមហ៊ុនទាំងនោះកំពុងរងផលប៉ះពាល់កាន់តែខ្លាំងដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកថ្មី ហើយសេដ្ឋកិច្ចអាចប្រឈមនឹងអតិផរណាកើនឡើងខ្ពស់។
នៅថ្ងៃដំបូងដែលលោក ចូ បៃឌិន ចូលកាន់តំណែងជាផ្លូវការ សហរដ្ឋអាមេរិក បានរាយការណ៍ថាមានករណីស្លាប់រហូតដល់ទៅជាង ៤.២០០ ករណី ដែលជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតទី២ នៅក្នុងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (Centers for Disease Control and Prevention) របស់សហរដ្ឋអាមេរិក ឱ្យដឹងថា រហូតមកទល់ពេលនេះ ពលរដ្ឋអាមេរិក រហូតដល់ទៅជាង៤០០.០០០នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩ ហើយតួលេខសរុបនៃអ្នកស្លាប់អាចឈានដល់៥០៨.០០០នាក់ ត្រឹមពាក់កណ្ដាលខែកុម្ភៈ ដើមឆ្នាំ២០២១ នេះ។
លោក Kevin Hassett បានគូសបញ្ជាក់ថា “ជំងឺនេះកំពុងតែឆ្លងរាតត្បាតយ៉ាងឆាប់រហ័សគួរឱ្យខ្លាច”៕