កម្ពុជា និងហុងគ្រីប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ កម្ពុជានិងប្រទេសហុងគ្រី បានប្ដេជ្ញានូវការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៩ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចតាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារនៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-ហុងគ្រី បានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានពិភាក្សាពិគ្រោះយោបល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យចំនួន 0៩ រួមមាន៖ (១) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ (២) គម្រោងឥណទាន (Tied Aid Credit Cooperation) (៣) កសិកម្ម សេដ្ឋកិច្ចស្បៀង សុវត្ថិភាពម្ហូបអាហារ រុក្ខាប្រមាញ់ និងនេសាទ (៤) ការគ្រប់គ្រងធនធានទឹក (៥) វិស័យអប់រំ យុវជន និងកីឡា (៦) វប្បធម៌ (៧) ទេសចរណ៍ (៨) ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង(៩) អាកាសចរស៊ីវិល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានបេ្តជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ បន្ថែមទៀត តាមរយៈការរៀបចំនូវផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្ត។

សម្រាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខណៈពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី នៅមានកម្រិតទាបនៅឡើយ ទន្ទឹមនឹងនោះ ជំរុញលើកទឹកចិត្តឲ្យធុរជន និងវិនិយោគិនហុងគ្រី មកស្វែងយល់បន្ថែមពីសក្តានុពល ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់កិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។ ក្រៅពីវិស័យសំខាន់ៗខាងលើ ភាគីទាំងពីរបានបង្ហាញពីបំណង និងបេ្តជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌ ទេសចរណ៍ និងអាកាសចរស៊ីវិលផងដែរ។

បន្ថែមពីនេះ ក្រុមការងារនៃគណៈកម្មការចម្រុះ នឹងជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានាពេលកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here