ក្រុមហ៊ុន PTT ត្រៀមទុន២,៥ពាន់លានដុល្លារពង្រីកអាជីវកម្មនៅកម្ពុជានិងបណ្តាប្រទេសមួយចំនួនក្នុងតំបន់

ដោយ:សុខុម

បាងកក: ក្រុមហ៊ុនប្រេងឥន្ធនៈ និងអាជីវកម្មលក់រាយខ្នាតយក្សរបស់ថៃ PTT Oil and Retail Business (PTTOR) ដែលយើងស្គាល់ថា PTT គ្រោងចំណាយដើមទុនរហូតដល់ទៅ៧៤,៦ ពាន់លានបាត (ប្រមាណ២,៥ពាន់លានដុល្លារអាមេរិក) សម្រាប់ផែនការពង្រីកអាជីវកម្មស្នូលទាំង៣ របស់ខ្លួនពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Jiraphon Kawswat អគ្គនាយិកាស្ដីទីនៃក្រុមហ៊ុននេះ។

យោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃទី២១ ខែមករា បានឱ្យដឹងថា ក្នុងចំណោមដើមទុនសរុបយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ចំនួន៣៤,៦% នឹងត្រូវយកទៅវិនិយោគលើអាជីវកម្មប្រេងឥន្ធនៈ២៨,៦% វិនិយោគលើអាជីវកម្មមិនមែនប្រេង និង២១,៨% វិនិយោគលើអាជីវកម្មអន្តរជាតិរបស់ខ្លួន។ ហើយសល់១៥% ទៀតនឹងត្រូវវិនិយោគលើអាជីវកម្មផ្សេងៗទៀត និងលើការស្វែងរកឱកាសអាជីវកម្មថ្មីៗ។

លោកស្រី Jiraphon Kawswat បានគូសបញ្ជាក់ថា សម្រាប់អាជីវកម្មប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងបង្កើនស្ថានីយប្រេង PTT នៅក្នុងប្រទេសថៃ ពីចំនួន១.៩៨៦ស្ថានីយ ដល់៣.១០០ស្ថានីយ ត្រឹមឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់អាជីវកម្មមិនមែនប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងពង្រីកហាងកាហ្វេ Cafe Amazon ក្នុងប្រទេសថៃ ពីចំនួន ៣.១៨៦ សាខាដល់ ៥.៨០០ សាខា។ សម្រាប់អាជីវកម្មអន្តរជាតិរបស់ខ្លួន ក្រុមហ៊ុននឹងផ្ដោតលើការពង្រីកស្ថានីយប្រេងឥន្ធនៈ និងសាខាហាងកាហ្វេ Cafe Amazon ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន។

ក្រុមហ៊ុនក៏នឹងបង្កើនសាខាហាងកាហ្វេ Cafe Amazon នៅក្នុងប្រទេសចិន បន្ថែមទៀតផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន PTT មានស្ថានីយប្រេងឥន្ធនៈ រហូតដល់ទៅ៣២៩ស្ថានីយនៅក្នុងទីផ្សារបរទេស។

លោកស្រី Jiraphon Kawswat បានបន្ថែមទៀតថា ក្រុមហ៊ុនក៏នឹងបើកស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីនៅលើផ្លូវសំខាន់ៗទូទាំងប្រទេសថៃ ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាកលល្បងសេវាកម្មនេះនៅតាមស្ថានីប្រេងឥន្ធនៈ PTT នៅ ២៥ ទីតាំងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here