ចំណេះដឹង! អ្នកចេញ​ធ្វើ​អាជីវកម្ម​នឹង​បរាជ័យ​ឆាប់​បំផុត បើ​អ្នក​គ្មាន ៤ចំណុច​នេះ​ទេ

ដោយ៖ សាវុធ

ភ្នំពេញៈ ការ​មានគំនិត​អភិវឌ្ឍ​ខ្លួន​ធ្វើជា​អ្នកជំនួញ ឬ​ប្រកប​អាជីវកម្ម​ដោយ​ម្ចាស់ការ​លើ​ខ្លួនឯង​គឺជា​រឿង​ដែល​ល្អ​បំផុត និង​គួរតែ​អនុវត្តន៍​ភ្លាម ប្រសិន​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់។ ប៉ុន្តែ​អ្វីដែល​ត្រូវតែ​ពិចារណា​មុនពេល​បោះជំហាន​ចេញ ដោយ​ខ្វះ​មិនបាន​នោះ គឺ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​អាចឈរជើង​បានយូរ​អង្វែង និង​ទទួលបាន​ភាពជោគជ័យ​លើ​អាជីវកម្ម។

១. មិនត្រូវ​គិត​ទៅលើ​តែ​ប្រាក់ចំណេញ​មួយ​មុខ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចាប់ផ្តើម​អាជីវកម្ម​មួយ ម្ចាស់​តែង​ចង់បាន​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន​ដែរ។ ផ្នត់គំនិត​រកស៊ី ចង់​បានតែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួនឯង​នេះ ជា​គំនិត​អាត្មានិយម ហើយ​បើទោះជា​ជោគជ័យ​ក៏​អាច​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ នៅក្នុង​ប្រទេស​ជប៉ុន​អាជីវកម្ម​ជោគជ័យ គឺមាន​រយៈពេល​វែងរ​ហូត​តកូនតចៅ​រាប់រយឆ្នាំ​ក៏មាន។ចំនុច​សំខាន់​ដើម្បីឱ្យ​អាជីវកម្ម​ជោគជ័យ​មាន​រយៈពេល​វែង គឺ​មិនត្រូវ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយ​មុខ​នោះទេ តែ​ត្រូវ​គិតពី​ប្រយោជន៍​សាធារណៈ ប្រយោជន៍​អតិថិជន​ជាធំ មិន​ថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ឬ​ផលិតកម្ម​នោះឡើយ ដើម្បី​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង។

នៅលើ​របត់​ទីផ្សារសេរី​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​មួយចំនួន​ដែល​ចេញលក់​ផលិតផល​នៅលើ​ទីផ្សារ​លើកដំបូង ត្រូវគេ​មើលឃើញថា​ភាគច្រើន​តែង​ផ្តល់នូវ​គុណភាព និង​សេវាកម្ម​ល្អ ប៉ុន្តែ​នៅពេល​ទទួលបាន​ការគាំទ្រ​ច្រើន​ហើយ ក្រុមហ៊ុន​ខ្លះ​បាន​បន្ថយ​គុណភាព និង​បរិមាណ​ផលិតផល​របស់ខ្លួន ដែលជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​ប្រាក់ចំណេញ​ឱ្យបាន​ច្រើន តែ​យុទ្ធសាស្ត្រ​នេះ​គឺជា​ការចាក់សម្លាប់​អាជីវកម្ម​របស់ខ្លួន នៅក្នុង​រយៈពេល​ដ៏​ខ្លី។

២. ស្គាល់​ពី​អតិថិជន​គោលដៅ​ច្បាស់

សម្រាប់​អ្នកមាន​ទុន ការចាប់ផ្តើម​អាជីវកម្ម ដោយ​មិនបាន​សិក្សា​ទីផ្សារ និង​អតិថិជន​គោលដៅ​ជាមុន​ហាក់បី ដូចជា ប្រថុយប្រថាន​ខ្លាំងណាស់។ ជួនកាល​មាន​ផលិតផល​ល្អ ប៉ុន្តែ​អតិថិជន​គោលដៅ ជីវភាព​រស់នៅ​របស់​ពួកគេ​មិន​សមល្មម នឹង​ទទួលយក​វត្ថុ​ទាំងនោះ​មកប្រើប្រាស់ ឬ​ទទួលទាន។ ឧទាហរណ៍ ទីផ្សារ​កាហ្វេ​នៅក្នុង​ក្រុងភ្នំពេញ ដែលមាន​ហាង​ទំនើប មានគុណ​ភាពល្អ មាន​សេវាកម្ម​ល្អ មាន​ម៉ាស៊ីនត្រជាក់ លក់​ក្នុងតម្លៃ ២-៣ ដុល្លារ ក្នុង១កែវ ដែលមាន​អតិថិជន​គាំទ្រ​ប្រមាណ៣០ភាគរយ ប៉ុណ្ណោះ ប៉ុន្តែ​កាហ្វេ​ដែលមាន​តម្លៃ​ចន្លោះ​ពី១-២ ដុល្លារ ក្នុង១កែវ ដែល​លក់​នៅ​ហាង​បែប​ធម្មតា បែរ​ជាមាន​អតិថិជន​គាំទ្រ​ច្រើន​ចន្លោះ​ពី ៣០-៧០ ភាគរយ នៃ​ចំណែក​ទីផ្សារ​នៃ​អ្នក​និយម​ទទួលទាន​កាហ្វេ ដូច្នេះ​បើសិនជា​ចាប់ផ្តើម​អាជីវកម្ម​កាហ្វេ គួរ​ត្រូវ​ជ្រើសរើស​អតិថិជន​គោលដៅ​មួយណា​ឱ្យ​ប្រាកដ។

៣. ស្គាល់​ពី​សមាសភាព​ដៃគូ​ប្រកួតប្រជែង

មាន​អ្នកធ្វើ​ជំនួញ​មួយចំនួន​គិតថា ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ផលិតផល​ល្អ​ហើយ​នោះ ក៏​ចាប់ផ្តើម​ចែកចាយ​នៅលើ​ទីផ្សារ​តែម្តង ដោយ​មិន​បានគិត​ទៅលើ​ដៃគូ​ប្រកួតប្រជែង​នោះឡើយ ។ កត្តា​នេះ នឹង​អាចធ្វើឱ្យ​គម្រោង​អាជីវកម្ម​មិន​ជោគជ័យ ឬ​អាច​ត្រឹម​ទទួលបាន​ការគាំទ្រ​តិចតួច​បំផុត។ ដូច្នេះ​ដើម្បីឱ្យ​មានការ​គាំទ្រ​ច្រើន គួរតែ​សិក្សា​អំពី​ដៃគូ​ប្រកួតប្រជែង​ឱ្យបាន​ច្បាស់ ថា​តើ​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ជា​អ្នកណា ហើយ​គេ​បានធ្វើ​អ្វីខ្លះ ចែកចាយ​ផលិតផល​បែបណា​នៅលើ​ទីផ្សារ ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​បស់​យើង​បាន។

៤. ថែរក្សា​អតិថិជន​ដែលមាន​ស្រាប់

ដោយសារ​ចង់បាន​អតិថិជន​ឱ្យបាន​កាន់តែច្រើនឡើងៗ អ្នកខ្លះ​គិតតែ​ពី​ធ្វើ​យុទ្ធសាស្ត្រ​ដណ្តើមយក​អតិថិជន​បន្ថែម រហូត​ភ្លេច​គិតពី​ការថែរក្សា​អតិថិជន​ចាស់ ដែលមាន​ក្នុង​ដៃ​ស្រាប់ រហូត​ធ្វើឱ្យ​ប្រភព​គាំទ្រ​អស់​ទឹកចិត្ត​នាំគ្នា​ចាកចេញ។ ដូច្នេះ​មានតែ​ការថែរក្សា​ពី​អតិថិជន​ចាស់ ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ គួរ​ជាទី​ទុកចិត្ត រួមជាមួយ​ការផ្តល់​សេវាកម្ម​ល្អ លឿន​រហ័ស​ទាន់​ចិត្ត ទើប​ធ្វើឱ្យ​អតិថិជន​ចាស់​លើកសរសើរ និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដែលជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here