កម្ពុជា​ជួយ​ប្រទេស​ទីម័រឡេស្ត​លើ​ការ​រៀប​ចំ​ថ្នាល​ផ្ទៀង​ផ្ទាត់​ ឯក​សារ​ verify.gov.tl​

ដោយៈ ចំណាន

ឌីលីៈ ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានរៀបចំ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមការជួយសម្របសម្រួលរៀបចំដោយកម្ពុជា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោ​កជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា លោកVerónica das Dores រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធា​រណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

MoUនេះបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. បានចាត់បញ្ជូនមន្រ្តីជំនាញបច្ចេកទេស ជួយអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងបានធ្វើសមាហរណកម្ម ជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាមរយៈផតថលជាតិនេះ។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមថ្នាល verify.gov.tl ដែលការសម្រេចចិត្តនេះ បានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ កាត់បន្ថយថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមថ្នាលverify.gov.khនៅលើបណ្ណបើកបរដែលអនុញ្ញាត ឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណបើកបរទម្រង់ឌីជីថល បានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញដល់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក.ប.ទ. នឹងសហការជាមួយក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះ ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការ ដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការសម្រេចប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.tl ត្រូវបានទទួលការឯកភាព និងការគាំទ្រពីគណៈរដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

ក្នុងឱកាសនេះផងដែរ លោកជា វ៉ាន់ដេត និងលោក Miguel Marques Gonçalves Manetelu បានបញ្ជាក់អំពីជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here