ក្រសួង​និង​ ILO-CFC​ ពិភាក្សា​ទាក់​ទង​នឹង​ការ​អនុវត្ត​គម្រោងរោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​

ដោយៈ ចំណាន

    ភ្នំពេញៈ លោករាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចំនួន៤រូប បានចូលរួមកិច្ចប្រជុំភាគីហ​ត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧(ILO-BFC)។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីភាគីហត្ថលេខី ដែលរួមមានតំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងអង្គការអន្តរជាតិខាងការងារ (ILO)​និងតំណាងសហជីពក្នុងនាមជាអ្នកសង្កេតការណ៍ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពី គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការត្រៀមខ្លួន សម្រាប់ការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៨-២០៣២ ព្រមទាំងបន្តពង្រឹងកិច្ចសហការរវាងភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចប្រជុំនេះ ភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃការអនុវត្តគម្រោង និងបានបញ្ជាក់អំពីការគាំទ្រ នូវទិសដៅអាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៧ និងការត្រៀមខ្លួនសម្រា​ប់ការរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ឆ្នាំ២០២៨-២០៣២ ដោយផ្ដោតលើការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងារ លក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈ របបសន្តិសុខសង្គម កិច្ចសន្ទនាសង្គម និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបាន របស់ក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលក្នុងនោះក៏មានការចូលរួមគាំទ្រ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងសមាគម TAFTAC សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា នាពេលកន្លងមកទទួលបានលទ្ធផលល្អ ដោយបានធ្វើឱ្យការគោរព លក្ខខណ្ឌការងារកាន់តែប្រសើរ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់វប្បធម៌អនុលោមភាព និងកិត្យានុភាពរបស់កម្ពុជា ជាប្រភពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្ត សម្រា​ប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here