ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី Cambodia Travel Match 2026 Mini-Series ដើម្បីជំរុញការផ្សព្វផ្សាយ និងជំរុញទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
វេទិកានេះ ក៏ជាការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអ្នកទិញទេសចរណ៍អន្តរជាតិ (ចិន វៀតណាម និងមីយ៉ាន់ម៉ា) និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល ដែលមានអ្នកចូលរួមសរុបប្រមាណ២០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) ដៃគូឧបត្ថម្ភ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ថា Cambodia Travel Match 2026 ដែលរៀបចំឡើងជាលើកទី៣នេះ គឺជាវេទិកាទីផ្សារទេសចរណ៍ ប្រកបដោយភាពទូលំទូលាយ និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងសកម្មរបស់កម្ពុជា ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃទេសចរណ៍សកល តាមរយៈការកសាងភាពតភ្ជាប់ទីផ្សារ និងភាពជាដៃគូយូរអង្វែង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីមានភាពមិនច្បាស់លាស់ នៅលើស្ថានការណ៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល និងតំបន់ ក្នុងឆ្នាំ២០២៥ ក៏ដោយ កម្ពុជានៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥,៦លាននាក់ ដែលបង្ហាញពីកំណើនប្រកបដោយគុណភាព នៃវិស័យទេសចរណ៍កម្ពុជា។
ដោយឡែក ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានជាង៣៣០,០០០នាក់ ឈរនៅលំដាប់ទី១ បន្ទាប់មកភ្ញៀវទេសចរវៀតណាម ប្រមាណ៣១២,០០០ នាក់ ឈរនៅលំដាប់ទី២ និងភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង ១០,០០០ នាក់។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍ លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិន រយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ សម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាឱកាសដ៏សំខាន់ សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា។
លោកហួត ហាក់បានសង្កត់ធ្ងន់ថា “កម្ពុជា គឺជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយសុវត្ថិភាព”។
លោកបានលើកឡើងថា កម្ពុជា សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ល្បីល្បាញលើពិភពលោក ជាពិសេសតំបន់អង្គរ ទីក្រុងដ៏រស់រវើក តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទេសភាពទន្លេមេគង្គ និងបឹងទន្លេសាប តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងម្ហូបអាហារខ្មែរដែលមានអត្តសញ្ញាណពិសេស។
ជាមួយគ្នានេះ កម្ពុជា ក៏មានបរិយាកាសវិនិយោគដ៏សកម្ម ដែលគាំទ្រដោយរាជរដ្ឋាភិបាល គាំទ្រវិស័យឯកជន ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ និងការតភ្ជាប់តំបន់កាន់តែរឹងមាំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកំពុងពង្រឹងតួនាទីកម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍ និងធុរកិច្ចក្នុងតំបន់ និងបង្កើតឱកាសវិនិយោគថ្មីៗ លើវិស័យបដិសណ្ឋារកិច្ច អាកាសចរណ៍ ភស្តុភារ កិច្ចប្រជុំ និងព្រឹត្តិការណ៍ រមណីយដ្ឋានរួមបញ្ចូលគ្នា អេកូទេសចរណ៍ និងទេសចរណ៍ពហុគោលដៅ។
ក្រសួងទេសចរណ៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ “ទស្សនាកម្ពុជា នារដូវកាលបៃតង” ចាប់ពីខែឧសភា ដល់ខែតុលា ដែលជារដូវកាល ដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ ក្នុងការទទួលយកបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីសម្រស់ធម្មជាតិ និងវប្បធម៌កម្ពុជា ពីទស្សនវិស័យថ្មី ដោយមានកញ្ចប់ផ្សព្វផ្សាយពិសេសស្របតាមយុទ្ធនាការ ៦ គួរ រួមមាន៖ គួរចង់ឃើញ គួរស្នាក់នៅ គួរភ្លក្ស គួរទស្សនា គួរសាកល្បង គួរទិញ៕









