ដោយៈ ចំណារ
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនNWC Investment សន្យាចូលរួមជាមួយក្រសួងទេសចរណ៍ផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាដល់ទីផ្សារចិន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Zhuyun Wu អគ្គនាយិកាក្រុមហ៊ុន NWC Investment និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍ពីសកម្មភាពក្រុមហ៊ុន និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោកស្រី Zhuyun Wu បានគោរពរាយការណ៍ជូនពីសកម្មភាពការងារ និងគម្រោងសម្រេចកន្លងមករបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំមុខ លើការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយពាណិជ្ជកម្មជូនដល់ក្រុមហ៊ុនអន្តរជាតិធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ លោកស្រីអគ្គនាយិកា បានគោរពស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ អំពីលោករដ្ឋមន្រ្តីលើគម្រោងផលិតMV ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែសកម្ម និងទូលំទូលាយផងដែរ ជាពិសេសក្នុងអំឡុងយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង និងទស្សនាកម្ពុជានារដូវកាលបៃតង។

ជាកិច្ចឆ្លើយតប លោកហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់របស់ក្រុមហ៊ុនក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិយាយជារួម និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យកាន់តែច្រើន និយាយដោយឡែក។
លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុន បន្តជួយផ្សព្វផ្សាយអំពីស្ថានភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសកត្តាសុខសុវត្ថិភាព សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងកាលានុវត្តភាពវិនិយោគដ៏ល្អ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួនទាំងនៅកម្ពុជា និងប្រទេសចិន។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជា បានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា កាន់តែច្រើនក្នុងរដូវដ៏ពិសេស គឺរដូវកាលបៃតង៕








