ដោយ: សហសេវិក
អន្តរជាតិ: សិង្ហបុរីបានដាក់ចេញនូវច្បាប់តឹងរ៉ឹងជាងមុនចំពោះការទិញខុនដូប្រតិបត្តិ (executive condominium) សំដៅទប់ស្កាត់ការទិញខុនដូទាំងនេះដើម្បីលក់ចេញរកប្រាក់ចំណេញ បន្ទាប់ពីតម្លៃខុនដូ EC បានកើនឡើងជាងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
ក្រោមច្បាប់ថ្មី ម្ចាស់ខុនដូ EC ថ្មី ត្រូវរង់ចាំរយៈពេល១០ឆ្នាំជំនួសឱ្យ៥ឆ្នាំ មុនពេលពួកគេអាចជួលខុនដូទៅឱ្យអ្នកដទៃ ឬលក់ទៅឱ្យជនជាតិសិង្ហបុរី ឬអ្នករស់នៅអចិន្ត្រៃយ៍ ឬទិញអចលនទ្រព្យផ្សេងទៀត។
ជាមួយគ្នានេះ បណ្អ្នកអភិវឌ្ឍន៍ត្រូវរក្សាទុកខុនដូចំនួន៩០ភាគរយនៃចំនួនខុនដូ EC សរុបសម្រាប់អ្នកទិញលើកដំបូងក្នុងរយៈពេលពីរឆ្នាំដំបូង បន្ទាប់ពីការដាក់ឱ្យដំណើរការ កើនឡើងពីចំនួន៧០ភាគរយ ក្នុងការកំណត់កូតាកាលពីមួយខែមុន។
ខុនដូប្រតិបត្តិ (executive condominium) ត្រូវបានសាងសង់ដោយអ្នកអភិវឌ្ឍន៍ឯកជន។ ប៉ុន្តែ អ្នកទិញនៅតែអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ ខុនដូ EC ជាធម្មតាមានតម្លៃថោកជាងខុនដូឯកជនចន្លោះពី២០ទៅ៣០ភាគរយ។
យ៉ាងណាមិញ អ្នកទិញត្រូវតែបំពេញលក្ខខណ្ឌ ដូចជា ប្រាក់ចំណូលគ្រួសារអតិបរមាចំនួន១៦.០០០ដុល្លារសិង្ហបុរីក្នុងមួយខែ។
បើទោះបីជាមានការរឹតបន្តឹងយ៉ាងណាក្តី តម្លៃខុនដូ EC បានកើនឡើងយ៉ាងគំហុក ដោយកើនឡើងពីទំហំទឹកប្រាក់ប្រហែល៧៨២ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៦ ដល់១.៨៤៣ដុល្លារសិង្ហបុរីនៅឆ្នាំនេះ៕ប្រភព: Vnexpress៕









