ដោយៈ ម៉ាណា
ភ្នំពេញៈ សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគកម្ពុជា ដល់សមាជិករបស់ខ្លួនទាំងក្នុងប្រទេស និងនៅប្រទេសចិន។
ព៏ត៌មាននេះត្រូវបានល់កឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក យ៉ុងលី ឆៃ វិនិយោគិន និងជាតំណាងសមាគមអភិវឌ្ឍន៍ ស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងការចូលរួមរបស់សមាគមដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងវិនិយោគរវាងកម្ពុជា-ចិន នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងកិច្ចជំនួបនេះ លោក យ៉ុង លីឆៃ ជាតំណាងសមាគមន៍អភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន បានធ្វើបទបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗ ទាក់ទងនឹងផលិតផលទេសចរណ៍ និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រីបន្ថែមទៀត ដើម្បីធ្វើឱ្យការចូលរួមរបស់សមាគម ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់ប្រទេសចិន កាន់តែសកម្ម និងប្រកបដោយផ្លែផ្កា។
ភាគីសមាគម ក៏បានសន្យាប្តេជ្ញាចូលរួមជាមួយក្រសួង ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនធំៗ ពីប្រទេសចិនមកកម្ពុជា។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលទ្ធផលការងារ និងគំនិតផ្តួចផ្តើមនានារបស់សមាគម និងសមាជិកសមាគមជាក្រុមហ៊ុនធំៗ ពីប្រទេសចិនដែលបានជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរហូតមក និងស្នើសុំបន្តឱ្យកាន់តែសកម្ម និងទូលំទូលាយជាពិសេសអំពីយុទ្ធនា ការលើកលែងទិដ្ឋាការទេសចរណ៍ សាកល្បងរយៈពេល១៤ថ្ងៃ ដល់ប្រជាពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៥ ខែតុលាខាងមុខ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ក៏ដូចជាអ្នកវិនិយោគិនចិន មកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង១,២ លាននាក់ កើនឡើងជិត៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជា បានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា កាន់តែច្រើនក្នុងរដូវកាលបៃតង៕








